ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃ លោក Yodchanan Wongsawat កាលពីថ្ងៃព្រហស្បតិ៍ បានបង្គាប់ឱ្យអភិបាលខេត្តនៅភាគខាងជើង បើកដំណើរការមជ្ឈមណ្ឌលបញ្ជាការអាសន្នថ្នាក់ខេត្ត ជាបន្ទាន់ ខណៈដែលនាយកដ្ឋានបង្ការ និងទប់ស្កាត់គ្រោះមហន្តរាយថៃ (DDPM) បានណែនាំឱ្យការិយាល័យប្រចាំខេត្តចល័តកម្លាំង មន្ត្រីជំនាញ គ្រឿងចក្រ និងផ្តល់ការគាំទ្រដល់ការជម្លៀសប្រជាពលរដ្ឋភ្លាមៗពីគ្រោះទឹកជំនន់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thai Enquirer រដ្ឋាភិបាលថៃបានបង្កើតមជ្ឈមណ្ឌលបញ្ជាការរួម ធ្វើការ ២៤ ម៉ោង នៅក្នុងខេត្តណាន (Nan) កាលពីមួយថ្ងៃមុន។ បទបញ្ជាថ្មីនេះ ត្រូវបានពង្រីកវិសាលភាពគ្របដណ្ដប់ទូទាំងភាគខាងជើង ចំពេលមានគ្រោះទឹកជំនន់ និងការបាក់ដីនៅក្នុងខេត្តណាន (Nan) សុខោទ័យ (Sukhothai) ម៉ែហុងសន (Mae Hong Son) និងខេត្តព្រែ (Phrae)។
នាយកដ្ឋាន DDPM ថៃ បានឱ្យដឹងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា ការិយាល័យកណ្តាល ថ្នាក់តំបន់ និងថ្នាក់ខេត្ត កំពុងសម្របសម្រួលការព្រមានជាមុនអំពីទឹកជំនន់ ប្រតិបត្តិការជម្លៀស និងការផ្តល់ជំនួយសង្គ្រោះ។ ជាការឆ្លើយតប អាជ្ញាធថៃបានដាក់ពង្រាយឧទ្ធម្ភាគចក្រ KA-32 គ្រឿងចក្រធុនធ្ងន់ និងកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ៥,០០០ កញ្ចប់ទៅកាន់ខេត្តណាន ដែលជាកន្លែងទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣០,៣១៣ នាក់ និងបណ្តាលឱ្យមនុស្ស ២ នាក់បាត់បង់ជីវិត។
លោក Yodchanan ក៏បានណែនាំឱ្យអាជ្ញាធររៀបចំម៉ាស៊ីនបូមទឹក និងយានយន្តសង្គ្រោះ បង្រឹងប្រព័ន្ធព្រមានឱ្យបានរហ័ស និងស្វែងរកកិច្ចសហការពីភ្នាក់ងាររដ្ឋផ្សេងទៀត ព្រមទាំងក្រុមហ៊ុនឯកជន៕