Swift cc time

រឿងអន់បំផុតរបស់ចិន «Niu Lai» ផ្តើមចេញពីម្តាយចង់សម្រេចក្ដីប្រាថ្នាកូនប្រុសផលិតតុក្កតាតែពីរនាក់ ទាក់ទាញអ្នកទស្សនារាប់លាននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ខ្សែភាពយន្តភាគត្លុកចិនមានរយៈពេល ៨៦ នាទី រឿង «Niu Lai» (ឬ «គោមកដល់ហើយ») កំពុងតែបង្កើតនូវប្រវត្តិសាស្រ្តដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយរបស់វិស័យភាពយន្តចិនបន្ទាប់ពីការលក់សំបុត្រក្នុងវិស័យភាពយន្តចិនបានផ្ទុះមនុស្សម្នាសំរុកនាំគ្នាទៅទស្សនារឿង «Niu Lai» ។ មនុស្សជាច្រើនបានសើចចំអក និងរិះគន់ ជុំវិញបច្ចេកទេសផលិតដែលមានគុណភាពទាប និងបង្កការភ្ញាក់ផ្អើលក្នុងចំណោមអ្នកទស្សនាដែលចង់ទៅមើលចង់ដឹងថាសាច់រឿងអន់កម្រិតណា។ ប៉ុន្តែ ទស្សនជនជាច្រើន មានការកោតសរសើរយ៉ាងខ្លាំង បន្ទាប់ពីដឹងរឿងរ៉ាវពិតនៅពីក្រោយការផលិតដែលកើតចេញពីក្ដីស្រឡាញ់របស់ម្ដាយ ចំពោះការជួយសម្រេចក្ដីសុបិន្តរបស់កូនប្រុស។ គិតត្រឹមថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦ ការលក់សំបុត្រសរុបរបស់រឿងនេះបានលើសពី ៣០ លានយ័ន(ជាង៤លានដុល្លារ) ដែលជាកំណត់ត្រារឿងប្លែកបំផុតដែលមានអ្នកសំរុកទៅទស្សនាជាច្រើនត្រឹមតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។

ភាពយន្តនេះជាស្នាដៃរួមគ្នារវាង ម្តាយ និងកូនប្រុស គឺ លោក Xin Yumeng អតីតអ្នករចនាប្លង់ខាងក្នុង អាយុ ៣៤ ឆ្នាំ បានធ្វើជាអ្នកដឹកនាំសម្តែង ខណៈដែលម្តាយរបស់លោក គឺអ្នកស្រី Sun Lifang ជាបុគ្គលិកក្រុមហ៊ុនរដ្ឋ បានរៀនសរសេរ script និពន្ធបទភ្លេង និងច្រៀងបទចម្រៀងដោយខ្លួនឯងដើម្បីជួយសម្រេចក្ដីស្រមៃរបស់កូន។ អ្នកទាំងពីរបានចំណាយពេលជាង ៥ ឆ្នាំក្នុងការផលិត ដោយប្រើប្រាស់កុំព្យូទ័រ និងឧបករណ៍ចាស់ៗ ព្រមទាំងដើរតួជាអ្នកបញ្ចូលសំឡេងតួអង្គទាំងអស់នៅក្នុងរឿង។

នៅក្នុងរយៈពេល ៩ ថ្ងៃដំបូងនៃការដាក់បញ្ចាំង កាលពីដើមខែសីហា ឆ្នាំ ២០២៦ ភាពយន្តនេះរកចំណូលបានត្រឹមតែជាង ៧,០០០ យ័ន (ប្រមាណ ១០០០ដុល្លារ) ប៉ុណ្ណោះ។ ប៉ុន្តែស្ថានភាពបានផ្លាស់ប្តូរ ១៨០ ដឺក្រេ បន្ទាប់ពីវីដេអូ និងរូបភាពនៃភាពយន្តនេះត្រូវបានគេយកទៅចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម។ ការចង់ដឹងចង់ឃើញបូករួមទាំងការរំភើបចិត្តនឹងការតស៊ូរបស់ម្តាយនិងកូន បានធ្វើឱ្យមហាជនសម្រុកទៅទិញសំបុត្រទស្សនាពេញៗរោងភាពយន្ត។

បច្ចុប្បន្ន រឿង «Niu Lai» បានស្ទុះឡើងទៅកាន់ចំណាត់ថ្នាក់កំពូលទាំង ១០ នៃភាពយន្តភាគត្លុកដែលរកចំណូលបានខ្ពស់បំផុតប្រចាំឆ្នាំ ២០២៦ នៅប្រទេសចិន ដោយអាចប្រកួតប្រជែងជាមួយភាពយន្តហូលីវូដធំៗបាន។វេទិកាកុនអាជីពមួយចំនួនព្យាករណ៍ថាការលក់សំបុត្រសរុបរបស់វានឹងប្រែប្រួលចន្លោះពី ៦០ លានទៅ ១៣៥ លានយ័ន(ប្រមាណ៩លានដុល្លារ ទៅ២០លានដុល្លារ៕

Khcct banner

អត្ថបទទាក់ទង