Swift cc time

ពលរដ្ឋឡាវជាង ១ម៉ឺននាក់ រងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ឡាវ៖ គ្រោះទឹកជំនន់បានប៉ះពាល់ដល់ភូមិយ៉ាងហោចណាស់ ១១ និងប្រជាពលរដ្ឋជាង ១០,០០០ នាក់ នៅក្នុងខេត្តសវ៉ាន់ណាខេត (Savannakhet) ភាគខាងត្បូងប្រទេសឡាវ ដោយអាជ្ញាធរឡាវ បានបើកជម្រកបណ្តោះអាសន្នចំនួន ៣ កន្លែងនៅក្នុងស្រុកភិន (Phin)។នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឡាវ។

ជំនន់ទឹកភ្លៀងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់សហគមន៍នានាក្នុងស្រុកភិន និងស្រុកសេពូន (Sepone) ខណៈអាជ្ញាធរឡាវបានអំពាវនាវឱ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេ និងតំបន់ឆ្នេរ/ច្រាំងទន្លេ តាមដានកម្រិតទឹកដែលកំពុងកើនឡើងដោយយកចិត្តទុកដាក់ខ្ពស់។

នៅខេត្តចំប៉ាសាក់ (Champasack) ដែលនៅជិតខាង កម្រិតទឹកទន្លេមេគង្គនៅក្រុងប៉ាកសេ (Pakse) បានឡើងដល់ ១១.៥២ ម៉ែត្រ កាលពីថ្ងៃទី ១៩ ខែសីហា ដែលលើសពីកម្រិតប្រកាសអាសន្ន (១១ ម៉ែត្រ)។ ជាមួយគ្នានេះ ករណីទឹកជំនន់រហ័សក៏ត្រូវបានរាយការណ៍នៅក្នុងតំបន់រ៉ែធ្យូងថ្មនៃខេត្តសេកុង (Sekong) ផងដែរ។ រីឯនៅភាគខាងជើងប្រទេសឡាវ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានទឹកជំនន់នៅស្រុកណាន (Nan) ខេត្តលួងប្រាបាង (Luang Prabang) កាលពីថ្ងៃទី ១៨-១៩ ខែសីហា ដោយបានលិចលង់វាលស្រែ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ២០ គ្រួសារ។

តាមការព្យាករណ៍អាកាសធាតុ ភ្លៀងនឹងបន្តធ្លាក់ពីបង្គួរទៅខ្លាំងនៅតាមតំបន់មួយចំនួននៃប្រទេសឡាវរហូតដល់ថ្ងៃទី ២១ ខែសីហា ហេតុនេះអាជ្ញាធរឡាវបានជំរុញឱ្យប្រជាពលរដ្ឋក្នុងតំបន់ប្រឈម បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ និងជំនន់រហ័សដែលទើបនឹងអាចកើតមានឡើងជាបន្តទៀត៕

Khcct banner

អត្ថបទទាក់ទង