Swift cc time

កូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិក ១០ គ្រាប់ទៀត ខណៈសមយុទ្ធអាម៉េរិក-កូរ៉េខាងត្បូងជិតចប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
មេដឹកនាំនៃប្រទេសកូរ៉េខាងជើងលោក គឹម ជុងអ៊ុន

សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានថ្កោលទោសការបាញ់មីស៊ីលបាលីស្ទិកចម្ងាយខ្លីជាង ១០ គ្រាប់របស់កូរ៉េខាងជើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ហើយបានបញ្ជាឱ្យយោធារបស់កូរ៉េខាងត្បូងរក្សាការត្រៀមខ្លួនពេញលេញក្នុងអំឡុងពេលសមយុទ្ធរួមគ្នាជាមួយសហរដ្ឋអាម៉េរិក។ការបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងនេះធ្វើឡើងចំពេលដែលអាម៉េរិក-កូរ៉េខាងត្បូងកំពុងតែធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួនដែលបានធ្វើឡើងពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៧ ខែសីហា ដែលមានគោលបំណងទប់ទល់នឹងសមត្ថភាពនុយក្លេអ៊ែរ និងអាវុធដែលកំពុងវិវឌ្ឍរបស់កូរ៉េខាងជើង។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានកោះប្រជុំសន្តិសុខបន្ទាន់មួយដែលមានការចូលរួមពីមន្ត្រីមកពីក្រសួងការពារជាតិ និងអាជ្ញាធរយោធា បន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលចេញពីតំបន់ព្យុងយ៉ាងឆ្ពោះទៅសមុទ្រនៅភាគខាងកើតនៃឧបទ្វីបកូរ៉េ។ការិយាល័យប្រធានាធិបតីបានប្រកាសចាត់ទុកការបាញ់មីស៊ីលបាលីស្ទិកនេះគឺជាទង្វើធ្ងន់ធ្ងរដែលរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។ការិយាល័យនេះបន្ថែមទៀតថា មន្ត្រីបានពិនិត្យឡើងវិញនូវឥរិយាបថឆ្លើយតបរបស់កូរ៉េខាងត្បូង វាយតម្លៃពីផលវិបាកសន្តិសុខនៃការបាញ់មីស៊ីល និងពិភាក្សាអំពីវិធានការចាំបាច់។

ប្រធានសេនាធិការចម្រុះកូរ៉េខាងត្បូងបញ្ជាក់ថា មីស៊ីលបានហោះប្រហែល ៣០០ គីឡូម៉ែត្រឆ្ពោះទៅសមុទ្រ ដោយមីស៊ីលទាំងនេះហាក់ដូចជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុននៅក្នុងសមុទ្រ។កូរ៉េខាងត្បូង និងប្រទេសជប៉ុនបាននឹងកំពុងតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសកម្មភាពថ្មីរបស់កូរ៉េខាងជើង៕

Khcct banner

អត្ថបទទាក់ទង