Swift cc time

អាត សុធាវី៖ ស្ត្រីខ្មែរកាន់តែច្រើន បានលើកកិត្តិយសកម្ពុជា តាមរយៈការដណ្តើមបានជ័យលាភី«ពានរង្វាន់ស្រ្តីឆ្នើមអាស៊ីអាគ្នេយ៍» ជាបន្តបន្ទាប់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្នុងនាមជា Champion តំណាងប្រទេសកម្ពុជា​កម្មវិធី Women of the Future Awards អាត សុធាវី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា រយៈពេលពីរឆ្នាំចុងក្រោយ ចំនួនស្រ្តីកម្ពុជាដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់នេះ មានការកើនឡើងជាបន្តបន្ទាប់ ដែលស្មើនឹងមួយភាគបី (ជិត ៣០%) នៃបេក្ខនារីឆ្នើមសរុបដែលទទួលបានការទទួលស្គាល់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ លទ្ធផលនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់ស្រ្តីកម្ពុជា ក្នុងការលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ តាមរយៈសមត្ថភាពរបស់ខ្លួន។

វឌ្ឍនភាពនៃកម្មវិធី Women of the Future Awards ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បង្ហាញយ៉ាងច្បាស់ថា ស្ត្រីវ័យក្មេងមិនត្រឹមតែជា «អនាគត» នៃភាពជាអ្នកដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែពួកគេកំពុងក្លាយជា «កម្លាំងចលករ» ដ៏សំខាន់ក្នុងការកែប្រែសេដ្ឋកិច្ច និងសង្គមឱ្យកាន់តែមានចីរភាព និងបរិយាបន្នតាំងពីពេលបច្ចុប្បន្ន។

បើតាម Champion តំណាងប្រទេសកម្ពុជា​កម្មវិធីនេះ បានឱ្យដឹងថា ពានរង្វាន់នៅក្នុងកម្មវិធីស្ត្រីឆ្នើមនៃអនាគត រួមមាន៖ សិល្បៈ និងវប្បធម៌, ធុរកិច្ច និងពាណិជ្ជកម្ម, សហគ្រិនភាព, សហគ្រិនសង្គម, បរិស្ថាន សង្គម និងអភិបាលកិច្ច, ស្មារតីសហគមន៍ និងសេវាសាធារណៈ, វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឌីជីថល, វិជ្ជាជីវៈជំនាញ, អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់, សារព័ត៌មាន និងទំនាក់ទំនង, កីឡា  សម្រាប់តែស្រ្តីដែលមានអាយុក្រោម៣៥ឆ្នាំ ព្រមទាំងពានរង្វាន់អ្នកណែនាំឆ្នើមប្រចាំឆ្នាំ សម្រាប់គ្រប់អាយុទាំងអស់។ បើតាមស្ថានទូតអង់គ្លេស ឆ្នាំនេះ មានពានរង្វាន់ថ្មីបន្ថែមទៀតគឺ Young Star Award បង្កើតឡើងដើម្បីអបអរសាទរ និងទទួលស្គាល់យុវនារីឆ្នើមដែលមានអាយុចន្លោះពី ១៦ ដល់ ២១ ឆ្នាំ ដែលកំពុងបង្កើតការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសហគមន៍ សាលារៀន កន្លែងការងារ និងវិស័យផ្សេងៗជាច្រើនទៀត។

បេក្ខនារី ដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតែងតាំងសម្រាប់ខ្លួនឯង ឬសម្រាប់ស្ត្រីដែលកុំពុងតែបង្កើតឥទ្ធិពលវិជ្ជមាន តាមរយៈ https://tally.so/r/VLaLNy  ឱ្យបានមុនថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៥។ ដើម្បីទទួលបានពានរង្វាន់នេះ បេក្ខនារីត្រូវឆ្លងកាត់ដំណាក់កាលវាយតម្លៃយ៉ាងម៉ត់ចត់ចំនួន ៤ ជំហាន រួមមាន៖ ការដាក់ពាក្យតែងតាំង, ការសម្រិតសម្រាំងបេក្ខភាពជុំដំបូង (Shortlisted), ការចូលរួមសម្ភាសផ្ទាល់ជាមួយគណៈកម្មការអន្តរជាតិក្នុងជុំចុងក្រោយ (Interview) និងចុងក្រោយគឺពិធីប្រកាស និងប្រគល់ពានរង្វាន់ជាផ្លូវការ។

គួររម្លឹកថា កម្មវិធីពានរង្វាន់ Women of the Future Southeast Asia ត្រូវបានបង្កើតឡើងដោយលោកស្រី Pinky Lilani។ កម្មវិធីនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងស្វែងរក និងលើកតម្កើងស្ត្រីដឹកនាំជំនាន់ក្រោយ ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អនាគតនៃតំបន់អាស៊ីអាគ្នេយ៍៕

ទស្សនាវីដេអូលម្អិត៖



Khcct banner

អត្ថបទទាក់ទង