Swift cc time

រដ្ឋាភិបាលវៀតណាម បញ្ជូនសេចក្តីព្រាងច្បាប់ ស្នើលុបទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន ៦

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ រដ្ឋាភិបាលវៀតណាម បានដាក់សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពីថ្ងៃទី១៨ ខែសីហា ដោយស្នើលុបចោលទោសប្រហារជីវិតសម្រាប់បទល្មើសចំនួន ៦ និងរក្សាទុកត្រឹមតែ ៤ បទល្មើសប៉ុណ្ណោះ ព្រមទាំងបន្ថែមបទល្មើសថ្មីចំនួន ៩ ផ្សេងទៀត។យោងតាមអនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក Le Van Tuyen បទល្មើសទាំង ៤ ដែលត្រូវរក្សាទោសប្រហារជីវិត រួមមាន៖ បទក្បត់ជាតិ បទឃាតកម្ម បទភេរវកម្ម និងបទផលិតគ្រឿងញៀនខុសច្បាប់។ រីឯបទល្មើសទាំង ៦ ដែលត្រូវស្នើលុបចោលទោសប្រហារជីវិត រួមមាន៖ បទបះបោរ បទរំលោភសេពសន្ថវៈលើអនីតិជនអាយុក្រោម ១៦ឆ្នាំ បទជួញដូរគ្រឿងញៀន បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋកម្មសង្គ្រាម និងបទភេរវកម្មប្រឆាំងរដ្ឋាភិបាល (ដោយបូកបញ្ចូលក្នុងបទភេរវកម្មទូទៅ)។

អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក Le Van Tuyen 

យោងតាមការចេញផ្សាយរបស់កាសែត Vietnam.VN ការកាត់បន្ថយទោសប្រហារជីវិតនេះ គឺដើម្បីអនុវត្តតាមគោលនយោបាយបក្សវៀតណាម និងស្របតាមនិន្នាការច្បាប់រីកចម្រើនអន្តរជាតិ។

ប្រធានគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ លោក Phan Chí Hiếu

ប្រធានគណៈកម្មាធិការច្បាប់ និងយុត្តិធម៌ លោក Phan Chí Hiếu បានលើកឡើងថា សមាជិកគណៈកម្មាធិការជាច្រើនបានស្នើឱ្យមានការពិចារណាយ៉ាងហ្មត់ចត់លើការលុបចោលទោសប្រហារជីវិតសម្រាប់បទល្មើសធ្ងន់ធ្ងរ ដូចជាការជួញដូរគ្រឿងញៀន និងការរំលោភសេពសន្ថវៈលើកុមារ ដើម្បីកុំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការទប់ស្កាត់ និងបង្ក្រាបបទល្មើស។

សេចក្តីព្រាងច្បាប់ថ្មីក៏បានស្នើបន្ថែមបទល្មើសថ្មីចំនួន ៩ ផ្តោតលើវិស័យសេដ្ឋកិច្ច សន្តិសុខសាយប័រ បច្ចេកវិទ្យាជាន់ខ្ពស់ បរិស្ថាន និងសន្តិសុខសាធារណៈ ព្រមទាំងពង្រីកវិសាលភាពនៃការលើកលែងការទទួលខុសត្រូវព្រហ្មទណ្ឌ សម្រាប់ការស្រាវជ្រាវ និងការសាកល្បងបច្ចេកវិទ្យាថ្មីៗ ដើម្បីធានានូវគោលនយោបាយច្បាប់ដែលមានលក្ខណៈមនុស្សធម៌ផងដែរ៕

Khcct banner

អត្ថបទទាក់ទង