Swift cc time

ចិន សរសើរ លោក អាន់វ៉ា ចំពោះជំហរដ៏រឹងមាំលើគោលការណ៍ «ចិនតែមួយ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ចំពោះជំហរដ៏រឹងមាំរបស់លោកលើគោលការណ៍ «ចិនតែមួយ» (One China Principle) ដោយចិនបានគូសបញ្ជាក់ថា គោលជំហរនេះឆ្លុះបញ្ចាំងពីឆន្ទៈប្រជាជន និងជាទំនោរប្រវត្តិសាស្ត្រដែលមិនអាចកែប្រែបានឡើយ។

យោងតាមការអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និងទំព័រផ្លូវការរបស់ក្រសួង បានគូសបញ្ជាក់ថា ការគាំទ្រគោលការណ៍ចិនតែមួយ គឺជាទង្វើត្រឹមត្រូវ ហើយគ្មានអ្វីអាចរារាំងការបង្រួបបង្រួមជាតិរបស់ចិនបានឡើយ។

ប៉ុន្តែភ្លាមៗ ក្រសួងការបរទេសតៃវ៉ាន់ បានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់លោក អាន់វ៉ា ដោយចោទប្រកាន់ថា ជាការថ្លែងមិនពិត និងព្យាយាមសម្រួលហេតុផលឱ្យចិនប្រើប្រាស់កម្លាំងយោធាលើតៃវ៉ាន់។ តៃវ៉ាន់បានព្រមានថា ជំហររបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ អាចប៉ះពាល់អវិជ្ជមានដល់ទំនុកចិត្តរបស់វិនិយោគិនតៃវ៉ាន់ ក្នុងការបណ្តាក់ទុននៅប្រទេសម៉ាឡេស៊ីនាពេលអនាគត។

គួរបញ្ជាក់ថា ប្រតិកម្មរបស់ចិនបានធ្វើឡើង បន្ទាប់ពីលោក អាន់វ៉ា បានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Al Jazeera ដោយបានថ្លែងការពារសិទ្ធិរបស់ចិនក្នុងការប្រើប្រាស់កម្លាំងបាយ ប្រសិនបើការបង្រួបបង្រួមជាតិដោយសន្តិវិធីជាមួយតៃវ៉ាន់ត្រូវបរាជ័យ។ លោក អាន់វ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា លោកចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយបានប្រៀបធៀបថា ប្រសិនបើតំបន់ណាមួយរបស់ម៉ាឡេស៊ីព្យាយាមផ្តាច់ខ្លួន លោកក៏នឹងត្រូវប្រើប្រាស់កម្លាំងដើម្បីការពារបូរណភាពទឹកដី និងឯកភាពជាតិផងដែរ បើមិនដូច្នេះទេប្រទេសនឹងត្រូវបែកបាក់៕

Khcct banner

អត្ថបទទាក់ទង