ថៃ៖ អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) រួមជាមួយអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានអំពាវនាវដល់រដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ជាបន្ទាន់នូវផែនការបណ្តេញអ្នកភូមិភាគតិចការ៉ែន (Karen) ចំនួន ២៦ នាក់ត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ និងដោះលែងពួកគេចេញពីការឃុំឃាំង។ អង្គការទាំងពីរបានព្រមានថា ការបង្ខំឱ្យពួកគេត្រឡប់ទៅវិញ គឺជាការរំលោភលើគោលការណ៍ច្បាប់អន្តរជាតិ (Non-refoulement) អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងការធ្វើទារុណកម្ម និងច្បាប់ផ្ទៃក្នុងរបស់ថៃ ដែលហាមឃាត់ការបញ្ជូនមនុស្សទៅកាន់កន្លែងដែលមានការធ្វើទុក្ខបុកម្នេញ គ្រោះថ្នាក់ដល់ជីវិត ឬការកេណ្ឌកងទ័ពដោយបង្ខំក្រោមរបបយោធាមីយ៉ាន់ម៉ា។
ការចាប់ខ្លួននេះបានកើតឡើងបន្ទាប់ពីប្រតិបត្តិការរួមគ្នាមួយកាលពីថ្ងៃទី១០ ខែសីហា ដោយកងទ័ពថៃ មន្ត្រីរុក្ខាប្រមាញ់ និងអាជ្ញាធរមូលដ្ឋាន បានឆ្មក់ចូលភូមិ Ban Pa Deng ក្នុងឧទ្យានជាតិ Kaeng Krachan ខេត្ត Phetchaburi ដើម្បីពិនិត្យអ្នកភូមិដែលគ្មានឯកសារសញ្ជាតិថៃ។ ក្នុងចំណោមអ្នកភូមិ ២៨ នាក់ដែលត្រូវចាប់ខ្លួនដំបូង (រួមមានកុមារ ៨ នាក់ និងស្ត្រីមានផ្ទៃពោះ ២ នាក់) មាន ២ នាក់ត្រូវបានដោះលែងវិញបន្ទាប់ពីបានផ្ទៀងផ្ទាត់សញ្ជាតិ រីឯ ២៦ នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃុំឃាំងអន្តោប្រវេសន៍ Suan Phlu ក្នុងទីក្រុងបាងកក ដើម្បីរៀបចំនីតិវិធីបណ្តេញចេញ។
លោកស្រី Mercy Chriesty Barends ប្រធាន APHR និងជាសមាជិកសភារបស់ឥណ្ឌូណេស៊ី បានថ្លែងថា៖ «មនុស្សទាំង ២៦ នាក់នេះ រួមទាំងកុមារ និងស្ត្រីមានផ្ទៃពោះ បានបាត់បង់អ្វីៗគ្រប់យ៉ាងរួចទៅហើយ។ ការបញ្ជូនពួកគេត្រឡប់ទៅវិញ គឺជាការសម្រេចចិត្តដែលអាចផ្តាច់ជីវិតមនុស្ស ហើយប្រទេសថៃត្រូវទទួលខុសត្រូវលើរឿងនេះ»។
លោក Kasit Piromya សមាជិកក្រុមប្រឹក្សាភិបាល APHR និងជាអតីតរដ្ឋមន្ត្រីការបរទេសថៃ បានគូសបញ្ជាក់ថា ប្រទេសថៃមិនអាចទទួលស្វាគមន៍មេដឹកនាំយោធាមីយ៉ាន់ម៉ាយ៉ាងកក់ក្តៅ ហើយមួយខែក្រោយមក បែរជាប្រគល់ជនស៊ីវិលដែលរត់ភៀសខ្លួនឱ្យទៅក្នុងដៃរបស់របបយោធានោះវិញឡើយ។ អង្គការ APHR បានទាមទារឱ្យថៃបញ្ឈប់ការបណ្តេញចេញ បង្កើតយន្តការពិនិត្យស្វែងរកការគាំពារស្របច្បាប់ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដលើផ្នែកសិទ្ធិមនុស្ស មុនពេលការវាយតម្លៃសិទ្ធិមនុស្សសកល (UPR) របស់អង្គការសហប្រជាជាតិចូលមកដល់នាខែវិច្ឆិកាខាងមុខ៕