ហាណូយ៖ ផ្អែកតាមទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានស្ថិតិជាតិវៀតណាម ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ នេះ បានកើនឡើងរហូតដល់ ៩.៩៥% ដែលជាអត្រាខ្ពស់ជាងត្រីមាសទី១ (៨.១៥%) និងត្រីមាសទី២ (៨.៨១%)។ កំណើនដ៏គួឬឱ្យកត់សម្គាល់ក្នុងត្រីមាសទី៣ នេះ បានជួយឱ្យសេដ្ឋកិច្ចសរុបក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៦ សម្រេចបានអត្រាកំណើនជាមធ្យម ៩.០១%។
នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចវៀតណាម រយៈពេល ៩ ខែនេះ វិស័យឧស្សាហកម្ម និងសំណង់ នៅតែជាក្បាលម៉ាស៊ីនបោលទៅមុខមុនគេ ដោយកើនឡើង ១១.២១% (រួមចំណែក ៤៩.៦២% នៃទំហំកំណើនសរុប) តាមពីរដោយវិស័យសេវាកម្ម កើនឡើង ៨.៩៦% (រួមចំណែក ៤៥.០៣%) និងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កើនឡើង ៤.០២%។ ចំណែកឯសូចនាករផលិតកម្មឧស្សាហកម្ម (IIP) វិញ ក៏បានហក់ឡើង ១២.៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើពិនិត្យលើស្ថានភាពអាជីវកម្ម ការវិនិយោគ និងការប្រើប្រាស់ក្នុងស្រុក ទំហំលក់រាយទំនិញ និងប្រាក់ចំណូលសេវាកម្មប្រើប្រាស់សរុប បានកើនឡើង ១៣.៤% រហូតដល់ ៥,៩២៥.៧ ទ្រីលានដុង (ប្រហែល ២២៨ ប៊ីលានដុល្លារអាម៉េរិក)។ គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចុះបញ្ជីសរុបនៅវៀតណាម បានកើនឡើងដល់ ៥០.៣៦ ប៊ីលានដុល្លារ (កើនឡើង ៧៦.៤%) ក្នុងនោះទុន FDI ជាក់ស្តែងដែលបានចាក់បញ្ចូលក្នុងសេដ្ឋកិច្ចមានចំនួន ២១.០៧ ប៊ីលានដុល្លារ (កើនឡើង ១២.១%) ជាតួលេខខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ។
គួរបញ្ជាក់ថា ការវិនិយោគរបស់វិនិយោគិនវៀតណាមនៅក្រៅប្រទេស បានឈានដល់ ១.២៨ ប៊ីលានដុល្លារ លើ ១២១ គម្រោងថ្មី (កើនឡើង ៨០.៩%) ព្រមទាំងមានការបន្ថែមទុនលើគម្រោងចាស់ៗចំនួន ៣២ គម្រោង តម្លៃ ១.៤៩ ប៊ីលានដុល្លារ។ ចំពោះចលនាអាជីវកម្មវិញ សហគ្រាសចុះបញ្ជីថ្មី និងបើកដំណើរការឡើងវិញមានចំនួន ២២៣,៩០០ (ថយចុះ ៣.២%) ខណៈសហគ្រាសដកខ្លួនចេញពីទីផ្សារមានចំនួន ១៧២,០០០ (ថយចុះ ១.៧%)៕