ប៉ារីស៖ សាលាវិទ្យាល័យរាប់រយខ្នងនៅទូទាំងប្រទេសបារាំងត្រូវបានបង្ខំចិត្តបិទទ្វារ និងជួបប្រទះការរំខានយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចលនាតវ៉ារបស់សិស្សានុសិស្សបានរីករាលដាលយ៉ាងឆាប់រហ័ស និងបានប្រែជាមានភាពវឹកវររហូតឈានទៅដល់ការប៉ះទង្គិចដោយហិង្សាជាមួយកងកម្លាំងមានសមត្ថកិច្ច។ក្រសួងអប់រំជាតិបារាំង បានអះអាងថាវិទ្យាល័យយ៉ាងហោចណាស់ ៤០០ ខ្នងក្នុងចំណោម ៣.៧០០ ខ្នងនៅទូទាំងប្រទេសត្រូវបិទទ្វារ កាលពីថ្ងៃសុក្រ ខណៈសាលាចំនួន ៥៦០ ផ្សេងទៀតបានរាយការណ៍អំពីការរំខានដល់ដំណើរការសិក្សា។ រលកនៃការតវ៉ានេះបានចាប់ផ្តើមដំបូងនៅតំបន់ជុំវិញទីក្រុងប៉ារីស កាលពីសប្តាហ៍មុន មុនពេលវារីករាលដាលទៅកាន់តំបន់ផ្សេងៗទៀត។ ក្រុមសិស្សដែលភាគច្រើនពាក់ម៉ាស់បិទមុខ បាននាំគ្នាឡោមព័ទ្ធសាលារៀន ដុតភ្លើងនៅតាមដងផ្លូវ និងប៉ះទង្គិចជាមួយប៉ូលិស ដើម្បីប្រឆាំងនឹងបញ្ហាចំនួនសិស្សច្រើនពេកក្នុងមួយថ្នាក់ និងការខ្វះខាតគ្រូបង្រៀន។
យោងតាមកាសែត អាល់ហ្សាហ្ស៊ីរ៉ា កុមារី Kesia វ័យ ១៥ ឆ្នាំ នៅតំបន់ Pantin ជាយក្រុងប៉ារីស បានប្រាប់ភ្នាក់ងារព័ត៌មានថា៖ «យើងមានសិស្សរហូតដល់ ៣៥ នាក់ក្នុងមួយថ្នាក់ គ្មានកៅអីអង្គុយគ្រប់គ្រាន់ ហើយម៉ោងញ៉ាំបាយថ្ងៃត្រង់ ១ ម៉ោងគឺខ្លីពេក» មុនពេលនាងត្រូវរត់គេចពីការបាញ់ឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលិស។
អំពើហិង្សានេះបានបណ្តាលឱ្យមានការដុតបំផ្លាញច្រកចូលសាលាវិទ្យាល័យចំនួនពីរក្នុងរដ្ឋធានីប៉ារីស ហើយមនុស្សប្រហែល ២.០០០ នាក់ ដែលភាគច្រើនជាសិស្ស ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ លោក Edouard Geffray រដ្ឋមន្ត្រីក្រសួងអប់រំ បានគូសបញ្ជាក់ថា មានសិស្សយ៉ាងហោចណាស់ ១៧០ នាក់ និងបុគ្គលិកសាលា ៦៥ នាក់បានរងរបួស លោកអំពាវនាវឱ្យអាណាព្យាបាលទប់ស្កាត់កូនៗកុំឱ្យចូលរួមក្នុងការតវ៉ាដែលមានគ្រោះថ្នាក់នេះ។
លោក Gerald Darmanin រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ឪពុកម្តាយត្រូវតែទទួលខុសត្រូវលើទង្វើរបស់កូនៗ និងត្រូវបង់ប្រាក់សងការខូចខាតដែលបានបង្កឡើង។ ចំណែកឯអង្គការសិទ្ធិមនុស្ស Amnesty International បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបភាពនៃការប្រើប្រាស់ដំបង និងអំពើហិង្សារបស់ប៉ូលិសទៅលើសិស្សដែលជាអនីតិជន។បច្ចុប្បន្ន រដ្ឋាភិបាលបារាំងបានចោទប្រកាន់គណបក្សឆ្វេងនិយមជ្រុល France Unbowed (LFI) ថាជាអ្នកនៅពីក្រោយចលនានេះ ប៉ុន្តែភាគីគណបក្សប្រឆាំងបានបដិសេធ៕