Swift cc time

រុស្ស៊ី-អ៊ុយក្រែន ដោះដូរឈ្លើយសឹក ១០៣ នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសកាលពីល្ងាចថ្ងៃ ពុធ ថា អ្នកចម្បាំងអ៊ុយក្រែនចំនួន ១០៣នាក់ កំពុងវិលត្រឡប់មកផ្ទះវិញក្រោយពីការជាប់ឃុំឃាំងរបស់រុស្ស៊ី លោកបញ្ជាក់ថាអ្នកដែលត្រូវបានដោះលែងរួមមាន អ្នកការពារទីក្រុង Mariupol ដែលជាទីក្រុងកំពង់ផែដែលត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលឡោមព័ទ្ធរយៈពេលជាច្រើនខែក្នុងឆ្នាំ២០២២ ក៏ដូចជាកងទ័ពដែលត្រូវបានចាប់ខ្លួននៅទូទាំងតំបន់ជួរមុខចំនួនប្រាំពីរ លោកថាអ៊ុយក្រែននឹងចងចាំបុរស និងស្ត្រីគ្រប់រូបដែលកំពុងតែបន្តជាប់ឃុំឃាំងក្នុងប្រទេសរុស្ស៊ី ហើយលោកនឹងធ្វើគ្រប់បែបយ៉ាងដែលអាចធ្វើទៅបាន ដើម្បីនាំប្រជាជនរបស់លោកទាំងអស់ត្រឡប់មកផ្ទះវិញ។

ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសពីការដោះដូរនេះ ដោយបញ្ជាក់ថា "ទាហានរុស្ស៊ីចំនួន ១០៣នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញជាថ្នូរនឹងអ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ១០៣នាក់ ត្រូវបានប្រគល់ជូនវិញ ដោយទាហានរុស្ស៊ីដែលត្រូវបានដោះលែងកំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ហើយនឹងត្រូវហោះហើរទៅកាន់ប្រទេសរុស្ស៊ីសម្រាប់ការស្តារនីតិសម្បទាបន្ទាប់ពីទទួលបានការថែទាំផ្លូវចិត្ត និងវេជ្ជសាស្ត្រ។

គួររម្លឹកថាប្រទេសបេឡារុស្សបានធ្វើអន្តរការីក្នុងការដោះដូរអ្នកទោសរាប់សិបនាក់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមក ហើយការដោះដូរអ្នកទោស និងការបញ្ជូនសាកសពទាហានត្រឡប់ទៅស្រុកវិញ គឺជាវិស័យកិច្ចសហប្រតិបត្តិការមួយចំនួនរវាងរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីទីរុស្ស៊ីបានចាប់ផ្តើមការវាយលុករបស់ខ្លួនលើអ៊ុយក្រែននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

Khcct banner

អត្ថបទទាក់ទង