Swift cc time

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ការពារជំហរគោរពគោលការណ៍ «ចិនតែមួយ» អនុវត្តតាមច្បាប់អន្តរជាតិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានចេញមុខការពារការលើកឡើងរបស់លោក ជុំវិញបញ្ហាតៃវ៉ាន់ និង បើទោះបីជាមានការរិះគន់ក៏ដោយ។ លោកបានពន្យល់ថា គោលជំហររបស់ចិនក្នុងការរក្សាទឹកដី គឺមិនខុសពីសហរដ្ឋអាម៉េរិកនោះទេ ដែលមិនធ្លាប់អនុញ្ញាតឱ្យរដ្ឋណាមួយផ្តាច់ខ្លួនឡើយ បន្ទាប់ពីសង្គ្រាមទាមទារឯករាជ្យរបស់ខ្លួន។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងកម្មវិធី TikTok Shop Summit Malaysia 2026 កាលពីថ្ងៃទី២០ ខែសីហា លោក អាន់វ៉ា បានបញ្ជាក់យ៉ាងច្បាស់ថា ម៉ាឡេស៊ី នៅតែបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយ «ចិនតែមួយ» (One China Policy) ជាគោលការណ៍អនុវត្តតាំងពីរដ្ឋបាលអតីតនាយករដ្ឋមន្ត្រីទី២ លោក Tun Abdul Razak មកម្ល៉េះ។ លោកបានសង្កត់ធ្ងន់ថា ទោះជាម៉ាឡេស៊ីគោរពជំហររបស់ចិន ប៉ុន្តែដំណោះស្រាយដោយសន្តិវិធី គឺជាជម្រើសដ៏ល្អបំផុតសម្រាប់គ្រប់ភាគី។

ទាក់ទិននឹងការប្រៀបធៀបជាមួយអាម៉េរិក លោកបានបកស្រាយថា លោកគ្រាន់តែចង់បង្ហាញពីគោលការណ៍ស្របគ្នានៃការរក្សាបូរណភាពទឹកដីប៉ុណ្ណោះ។ លោកបានបន្ថែមថា ជំហររបស់ម៉ាឡេស៊ីមិនមែនជារឿងថ្មី ឬចម្លែកឡើយ ព្រោះអង្គការសហប្រជាជាតិ (UN) ក៏ទទួលស្គាល់ចិនជាប្រទេសផ្លូវការ ហើយចាត់ទុកតៃវ៉ាន់ត្រឹមជាដែនដីមួយផ្នែកប៉ុណ្ណោះ។ លោក អាន់វ៉ា បានសន្និដ្ឋានថា ប្រតិកម្មអវិជ្ជមាននាពេលថ្មីៗនេះ អាចបណ្តាលមកពីវិធីសួរដេញដោល និងការសង្កត់ធ្ងន់លើបញ្ហានេះ របស់បណ្តាញព័ត៌មាន Al Jazeera ក្នុងអំឡុងពេលសម្ភាសន៍ជាមួយរូបលោក៕

Khcct banner

អត្ថបទទាក់ទង