ម៉ូស្គូ៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ត្រូវបានសាកលវិទ្យាល័យសេដ្ឋកិច្ច Plekhanov ដ៏ល្បីល្បាញរបស់រុស្ស៊ី ប្រគល់គោរមងារជា «សាស្ត្រាចារ្យកិត្តិយស»។ ពិធីប្រគល់សញ្ញាបត្រនេះត្រូវធ្វើឡើងដោយផ្ទាល់ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ ទី១៩ ខែសីហា។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នេះគឺជាគោរមងារកិត្តិយសទី៣ ហើយដែលរូបលោកទទួលបានពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវរបស់រុស្ស៊ី ចាប់តាំងពីលោកបានដឹកនាំការធ្វើរដ្ឋប្រហារយោធាដណ្តើមអំណាចកាលពីឆ្នាំ២០២១ ដោយគោរមងារពីរលើកមុនរួមមាន៖ សញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យយោធានៃក្រសួងការពារជាតិរុស្ស៊ី (ឆ្នាំ២០២១) និងវិទ្យាស្ថានបូព៌ាសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី (ឆ្នាំ២០២៣)។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក មីន អ៊ុងឡាំង បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដើម្បីពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ សាកលវិទ្យាល័យសេដ្ឋកិច្ច Plekhanov ក៏បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយទីភ្នាក់ងារអវកាសមីយ៉ាន់ម៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិទ្យាសាស្ត្រ តាមរយៈការផ្លាស់ប្តូរនិស្សិត និងសាស្ត្រាចារ្យ ការបង្កើតកម្មវិធីសិក្សារួមគ្នា ព្រមទាំងការស្រាវជ្រាវលើវិស័យ បច្ចេកវិទ្យារក្សាទីតាំងអវកាស ការវិភាគទិន្នន័យ បច្ចេកវិទ្យាព័ត៌មានវិទ្យា វិស្វកម្ម និងសន្តិសុខស៊ីប័រ៕