ចិន៖ លោក Xu Jiayin (ឬ Hui Ka Yan) អតីតមហាសេដ្ឋីចិន និងជាស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំឈ្មោះ China Evergrande Group ត្រូវបានតុលាការចិនប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងបទល្មើសជាច្រើន រួមមានការឆបោកក្នុងការប្រមូលមូលនិធិ ការសូកប៉ាន់ក្នុងនាមក្រុមហ៊ុន និងការកេងប្រវ័ញ្ចទ្រព្យសម្បត្តិ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CCTV និងប្រភពផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ តុលាការក្រុង Shenzhen ខេត្ត Guangdong បានប្រកាសសាលក្រមជាសាធារណៈលើកដំបូង ចំពោះក្រុមហ៊ុន Evergrande Group Co., Ltd., ក្រុមហ៊ុន Evergrande Real Estate Group Co., Ltd. និងលោក Xu Jiayin ។
តុលាការចិន បានសម្រេចផ្តន្ទាទោសលោក Xu Jiayin ដាក់ពន្ធនាគារអស់មួយជីវិត ដកហូតសិទ្ធិនយោបាយអស់មួយជីវិត និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់។ ចំពោះក្រុមហ៊ុនពាក់ព័ន្ធ តុលាការបានពិន័យ Evergrande Group ជាប្រាក់ចំនួន ៨.៨២ ពាន់លានយ័ន (ប្រមាណ ១.២៣ ពាន់លានដុល្លារអាម៉េរិក) ខណៈក្រុមហ៊ុន Evergrande Real Estate ត្រូវពិន័យជាប្រាក់ចំនួន ៧ ពាន់លានយ័ន (ប្រមាណ ៩៨០ លានដុល្លារអាម៉េរិក)។
តុលាការចិន ក៏បានសម្រេចឱ្យបន្តតាមដាន និងរឹបអូសប្រាក់ចំណូលខុសច្បាប់ ហើយចំពោះចំនួនដែលមិនទាន់អាចប្រមូលបាន ត្រូវបន្តទាមទារឱ្យសងតាមច្បាប់។
គួរបញ្ជាក់ថា លោក Xu Jiayin ធ្លាប់ជាមហាសេដ្ឋីលេចធ្លោបំផុតមួយរូបរបស់ចិន និងជាស្ថាបនិកក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅក្នុងប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិបំណុលដ៏ធ្ងន់ធ្ងររបស់ក្រុមហ៊ុន Evergrande បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីទីផ្សារអន្តរជាតិ ហើយបានក្លាយជាករណីប្រវត្តិសាស្ត្រដ៏សំខាន់មួយ នៅក្នុងវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន៕