ចិន៖ ភាពយន្តតុក្កតាចិនដែលមានចំណងជើងថា “Niu Lai” (ឬ The Arrival of the Ox) កំពុងបង្កើតប្រវត្តិសាស្ត្រដ៏ចម្លែកមួយនៅក្នុងឧស្សាហកម្មភាពយន្តចិន ដោយសារតែការស្ទុះឡើងនៃការរកប្រាក់ចំណូលបានយ៉ាងសន្ធឹកសន្ធាប់ បើទោះបីជាទទួលបានការរិះគន់ថាមានគុណភាពអន់ខ្លាំង។ កាលពីថ្ងៃសម្ពោធដំបូង នៅថ្ងៃ០៥ ខែសីហា ភាពយន្តនេះរកចំណូលបានត្រឹមតែ ៣,៤២០ យ័ន (ប្រហែល ៥០៧ ដុល្លារ) ប៉ុណ្ណោះ។ ប៉ុន្តែប្រហែល ១០ ថ្ងៃក្រោយមក ចំនួនអ្នកទស្សនាបានកើនឡើងយ៉ាងគំហុក ដោយប្រមូលចំណូលបាន ៧១៧,០០០ យ័ន(ជិត១១ម៉ឺនដុល្លារ) កាលពីថ្ងៃសៅរ៍ និងស្ទុះឡើងរហូតលើសពី ១១ លានយ័ន(ជិត២លានដុល្លារ) នៅថ្ងៃចន្ទ ដោយធ្វើឱ្យភាពយន្តនេះលោតចូលទៅក្នុងបញ្ជីភាពយន្តតុក្កតាដែលមានចំណូលខ្ពស់បំផុតទាំង ១០ ប្រចាំឆ្នាំនៅក្នុងប្រទេសចិន។
យោងតាមការចេញផ្សាយរបស់កាសែត South China Morning Post អាថ៌កំបាំងនៃភាពល្បីល្បាញភ្លាមៗនេះ គឺដោយសារតែភាពយន្តនេះ «អន់ខ្លាំង» រហូតធ្វើឱ្យមហាជនសម្រុកទៅមើលដើម្បីស្វែងយល់ដោយផ្ទាល់ភ្នែក។ វាត្រូវបានរិះគន់ថាមានរចនាបថរូបភាព 3D ឆៅៗ តួអង្គគោមានរូបរាងដូចប្រអប់តម្រួតលើគ្នា មានស្នាមញញឹមគួរឱ្យព្រឺក្បាល ការបញ្ចូលសំឡេងមិនស៊ីគ្នា និងសាច់រឿងច្របូកច្របល់។
ភាពយន្តរយៈពេល ៨៦ នាទីនេះ ត្រូវបានចំណាយពេលផលិតអស់ ៥ ឆ្នាំ ដោយបង្កើតឡើងដោយមនុស្សតែ ២ នាក់ប៉ុណ្ណោះ គឺលោក Xin Yumeng ដែលជាអ្នកដឹកនាំរឿង និងម្តាយរបស់លោក គឺលោកស្រី Sun Lifang ដែលជាអ្នកសរសេរអត្ថបទ រៀបចំសំឡេង និងច្រៀងបទចម្រៀងចុងក្រោយ ដោយប្រើប្រាស់កុំព្យូទ័រនៅផ្ទះ និងគ្មានក្រុមការងារជំនាញជួយឡើយ។
សមិទ្ធផលនេះបានធ្វើឱ្យអ្នកផលិតភាពយន្តអាជីពមួយចំនួនសម្តែងការខកចិត្ត ដោយសារអ្នកទស្សនាភាគច្រើនទិញសំបុត្រមិនមែនដើម្បីទស្សនាភាពយន្តនោះទេ ប៉ុន្តែគឺដើម្បីតែការបង្កើតរូបភាពកំប្លែង (Memes) វីដេអូខ្លីៗ និងការចង់ដឹងចង់ឃើញថា តើភាពយន្តនេះ «អន់ដល់កម្រិតណា» (Hate-watching)។ អ្នកវិភាគជឿថា សកម្មភាពនេះឆ្លុះបញ្ចាំងពីការធុញទ្រាន់របស់ទស្សនិកជនចិនចំពោះភាពយន្តចិនបច្ចុប្បន្ន ដែលខ្វះការច្នៃប្រឌិត និងពឹងផ្អែកលើការត្រួតពិនិត្យខ្លឹមសារតឹងរ៉ឹងពីរដ្ឋាភិបាល។
ផលិតករភាពយន្តមួយចំនួនបារម្ភនិងរិះគន់ថា រឿង Niu Lai នេះ នឹងអាចធ្វើឱ្យមានអ្នកឱកាសនិយមផ្សេងទៀត ព្យាយាមធ្វើតម្រាប់តាមដើម្បីប្រមូលប្រាក់លឿន ដោយមិនខ្វល់ពីគុណភាព និងសិល្បៈនៃការផលិតភាពយន្តពិតប្រាកដ៕