ហ្សាកាតា៖ គិតត្រឹមម៉ោង ៦ ល្ងាច ថ្ងៃពុធម្សិលមិញ(ម៉ោងនៅហ្សាកាតា) ចំនួនអ្នកស្លាប់កើនឡើងដល់ ៧៣ នាក់ និងមនុស្សចំនួន ៩៣១ នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រោះរញ្ជួយដីកម្លាំង ៧.៧ រិចទ័រ ដែលបានវាយប្រហារខេត្ត East Nusa Tenggara របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ នេះបើយោងតាមការបញ្ជាក់ពីភ្នាក់ងារស្វែងរក និងសង្គ្រោះជាតិរបស់ឥណ្ឌូនេស៊ី។
ភ្នាក់ងារដដែលបានឱ្យដឹងថា ប្រតិបត្តិការស្វែងរក និងសង្គ្រោះកំពុងបន្តធ្វើឡើងយ៉ាងសកម្ម ដោយបានប្រើប្រាស់ហោះហើរឧទ្ធម្ភាគចក្រទៅកាន់តំបន់ដាច់ស្រយាល ដើម្បីដឹកជញ្ជូនក្រុមគ្រូពេទ្យ និងជម្លៀសប្រជាពលរដ្ឋដែលត្រូវការការព្យាបាលជាបន្ទាន់។
ចំណុចកណ្តាលនៃរញ្ជួយដីនេះ គឺស្ថិតនៅជិតក្រុង Mbay ក្នុងស្រុក Nagekeo ដែលនៅទីនោះ អាជ្ញាធរឥណ្ឌូនេស៊ីកំពុងបន្តតាមដានសកម្មភាពរញ្ជួយដី ព្រមទាំងផ្តល់ជំនួយវេជ្ជសាស្ត្រ និងការស្តារឡើងវិញនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
គួររម្លឹកថា គ្រោះធម្មជាតិនេះបានចាប់ផ្ដើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ដោយផ្ទះសម្បែងជាង ១៣០០ ខ្នង ព្រមទាំងសាលារៀន និងមន្ទីរពេទ្យជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ ជាការឆ្លើយតប អាជ្ញាធរឥណ្ឌូនេស៊ីបានដាក់ពង្រាយកងកម្លាំងជាង ៣៥០០ នាក់ រួមទាំងកប៉ាល់សង្គ្រោះ និងឧទ្ធម្ភាគចក្រ ដើម្បីប្រញាប់ប្រញាល់ចូលទៅអន្តរាគមន៍។ ប្រតិបត្តិការសង្គ្រោះជួបប្រទះឧបសគ្គយ៉ាងខ្លាំង ដោយសារការបាក់ដីបិទផ្លូវ និងការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង ជាពិសេសនៅស្រុក Nagekeo៕