អាម៉េរិក៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានប្រកាសកាលពីល្ងាច ថ្ងៃពុធ ថាអាម៉េរិកនឹងដាក់ទណ្ឌកម្មកម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មានពីមុនមកសោះឡើយប្រឆាំងនឹងអ៊ីរ៉ង់ ដោយទណ្ឌកម្មថ្មីនេះនឹងរួមបញ្ចូលប្រទេសណាដែលបន្តផ្គត់ផ្គង់ រឺមានទំនាក់ទំនងជាមួយនឹងអ៊ីរ៉ង់ក៏ត្រូវរងទណ្ឌកម្មមួយនេះដែរ។ លោកព្រមានថាប្រទេសណាក៏ដោយបើបន្តផ្គត់ផ្គង់ដល់អ៊ីរ៉ង់នឹងត្រូវរងផលប៉ះពាល់ដោយ «ផលវិបាកសេដ្ឋកិច្ចដ៏ធំធេងបំផុត»ពីសហរដ្ឋអាម៉េរិក។
យោងតាមការប្រកាសរបស់ លោក ត្រាំ តាមបណ្តាញ Trust Social លោកបញ្ជាក់ថាគ្មាននរណាម្នាក់បានផ្តល់ឱកាសធំជាងលោកដល់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដើម្បីធ្វើកិច្ចព្រមព្រៀងនោះទេ។ ជាអកុសល សម្រាប់អ៊ីរ៉ង់បានបរាជ័យក្នុងការទទួលយកវា។ ដូច្នេះ ថ្ងៃនេះ លោកសូមប្រកាសពីប្រតិបត្តិការសេដ្ឋកិច្ចដ៏អាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នេះនឹងជាសង្គ្រាមសេដ្ឋកិច្ច និងការដាក់ប្រទេសនេះក្នុងភាពឯកោក្នុងទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមក។
លោកត្រាំ សង្គត់ធ្ងន់ថា កងទ័ពជើងទឹករបស់អ៊ីរ៉ង់បានបាត់បង់ កងទ័ពអាកាសរបស់ពួកគេត្រូវបានបំផ្លាញ រោងចក្រយោធារបស់ពួកគេឥឡូវនេះត្រូវបានកម្ទេចចោល រូបិយប័ណ្ណរបស់ពួកគេគ្មានតម្លៃ ហើយប្រទេសរបស់ពួកគេកំពុងតែរងទុក្ខវេទនាមិនធ្លាប់មានសោះឡើយ។លោកព្រមានទៀតថា ប្រទេសណាមួយដែលអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬអង្គភាពរដ្ឋាភិបាលរបស់ខ្លួនផ្តល់ការគាំទ្រគ្រប់ប្រភេទដល់អ៊ីរ៉ង់ នឹងប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចដ៏ធំសម្បើមពីអាម៉េរិក។
ប្រធានក្រសួងរតនាគារអាម៉េរិកលោក Bessent បានប្រាប់កម្មវិធី "Rob Schmitt Tonight" របស់ Newsmax ថា លោក ត្រាំ បានបញ្ជាឱ្យក្រសួង អនុវត្តសម្ពាធអតិបរមាទៅលើរបបអ៊ីរ៉ង់ លោកថាទណ្ឌកម្មថ្មីនេះនឹងជាការរួមបញ្ចូលគ្នានៃការដាក់លើសេដ្ឋកិច្ចដូចដែលពិភពលោកមិនធ្លាប់ឃើញពីមុនមក និងការបិទផ្លូវទឹកជាបន្តបន្ទាប់នៅក្នុងច្រកសមុទ្រ ហ័រមូស ដែលនឹងរារាំងគ្រប់យ៉ាងពីការចូល ឬចេញពីកំពង់ផែអ៊ីរ៉ង់។
គួររម្លឹកថាមុនការប្រកាសដាក់ទណ្ឌកម្មថ្មីលោក ប្រធានាធិបតីក៏បានវាយប្រហារប្រទេសអូម៉ង់នៅដើមសប្តាហ៍នេះផងដែរ ដោយគំរាមថានឹង «ទម្លាក់គ្រាប់បែកលើពួកគេ» ប្រសិនបើទីក្រុងមូស្កាត «រារាំង» ក្នុងអំឡុងពេលចរចាដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញរវាងអាម៉េរិក-អ៊ីរ៉ង់ ក្រោយមកចរាចរណ៍តាមផ្លូវទឹកបានកើនឡើងបន្តិច ដោយមានកប៉ាល់ឆ្លងកាត់ដោយជោគជ័យចំនួន ១០-១២ គ្រឿងនៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍នេះប៉ុន្តែតួលេខនៅតែទាបជាងកម្រិតមុនសង្គ្រាម៕