Swift cc time

ឡាវ បណ្តេញខ្លួនជនជាតិថៃ ៧នាក់ ពាក់ព័ន្ធបណ្តាញឆបោកOnline Scams

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ អាជ្ញាធរអន្តោប្រវេសន៍ខេត្តណងខាយ របស់ឡាវ នាថ្ងៃទី២ ខែតុលានេះ បានប្រគល់ខ្លួនពលរដ្ឋថៃចំនួន ៧នាក់ ដល់មន្ត្រីស្ថានទូតថៃប្រចាំប្រទេសឡាវ ពី បន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបណ្តាញល្បែងស៊ីសងអនឡាញ និងឆបោក (Scammer) នៅរាជធានីវៀងច័ន្ទ កាលពីដើមខែកញ្ញាកន្លងទៅ។នេះបើតាមការចេញផ្សាយរបស់កាសែតខាវស៊ត។

តាមការស៊ើបអង្កេតរបស់សមត្ថកិច្ចថៃ បានឱ្យដឹងថា ក្រុមជនសង្ស័យទាំងនោះធ្លាប់ធ្វើការឱ្យវេបសាយល្បែងអនឡាញនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រោយមក ពួកគេបានសម្រេចចិត្តផ្លាស់ប្តូរទីតាំងប្រតិបត្តិការ ដោយមកជួលផ្ទះមួយកន្លែងនៅរាជធានីវៀងច័ន្ទ ប្រទេសឡាវ កាលពីកំឡុងខែសីហា ដើម្បីបើកដំណើរការវេបសាយល្បែងអនឡាញដដែលឡើងវិញ រហូតត្រូវសមត្ថកិច្ចឡាវបង្ក្រាប និងឃាត់ខ្លួនពីបទធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងប្រព្រឹត្តបទល្មើសល្បែងស៊ីសង។

ក្រោយបញ្ចប់នីតិវិធីច្បាប់នៅក្នុងប្រទេសឡាវ អាជ្ញាធរឡាវបានបញ្ជូនខ្លួនពួកគេត្រឡប់មកប្រទេសថៃវិញតាមច្រកទ្វារព្រំដែនស្ពានមិត្តភាពថៃ-ឡាវ ទី១ ដើម្បីប្រគល់ជូនអាជ្ញាធរថៃចាត់ការ និងផ្តន្ទាទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ថា នេះគឺជាលើកទី១៤ ហើយ ដែលអាជ្ញាធរឡាវបានធ្វើការបណ្តេញ និងបញ្ជូនខ្លួនជនជាតិថៃពាក់ព័ន្ធនឹងបទល្មើសល្បែងអនឡាញត្រឡប់មកវិញ៕

Khcct banner

អត្ថបទទាក់ទង