Swift cc time

ក្រុមហ៊ុន Thai Airways បណ្តេញ CEO ចេញពីតំណែង ក្រោយរងការរិះគន់ពីភ្ញៀវបរទេសរឿងកកស្ទះវ៉ាលីជាង៥៦០០ នៅព្រលានសុវណ្ណភូមិ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways International បានសម្រេចព្យួរតំណែងនាយកប្រតិបត្តិ (CEO) លោក Chai Eamsiri នាថ្ងៃទី២ ខែតុលានេះ ក្រោយបញ្ហាការកកស្ទះឥវ៉ាន់ និងការលុបចោលជើងហោះហើរជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ។ លោក Samrit Samniang ដែលជាសមាជិកក្រុមប្រឹក្សាភិបាល ត្រូវបានតែងតាំងឱ្យកាន់តំណែងជានាយកប្រតិបត្តិស្តីទីជំនួសវិញ។

យោងតាមការចេញផ្សាយរបស់កាសែត The Thaiger ការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីគ្រោះជំនន់ទឹកភ្លៀងធ្ងន់ធ្ងរនៅរាជធានីបាងកក និងខេត្តជុំវិញ បានធ្វើឱ្យបុគ្គលិកជាច្រើនមិនអាចធ្វើដំណើរមកបំពេញការងារបាន បង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេវាកម្មដឹកជញ្ជូនអីវ៉ាន់ ប្រតិបត្តិការជើងហោះហើរ និងសេវាកម្មដីគោក។

គួរបញ្ជាក់ថា វិបត្តិនេះបានបង្ខំឱ្យក្រុមហ៊ុនលុបចោលជើងហោះហើរ ១៥ ជើង កាលពីថ្ងៃទី១ ខែតុលា និង ៩ ជើងបន្ថែមទៀតនៅថ្ងៃទី២ ខែតុលានេះ ព្រមទាំងបន្សល់ទុកកាបូប និងវ៉ាលីរបស់អ្នកដំណើរជាង ៥៦០០ កកស្ទះនៅព្រលានយន្តហោះ។

ជាការឆ្លើយតប ក្រុមហ៊ុន Thai Airways បានអះអាងថា ប្រតិបត្តិការជើងហោះហើរទាំងស្រុងនឹងវិលត្រឡប់មកប្រក្រតីវិញចាប់ពីថ្ងៃទី៣ ខែតុលានេះតទៅ ខណៈនាយកប្រតិបត្តិស្តីទីថ្មី លោក Samrit Samniang ដែលមានជំនាញខាងផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ នឹងដឹកនាំការងារដោះស្រាយស្ថានការណ៍ និងស្តារសេវាកម្មជូនអតិថិជនឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង