Swift cc time

អនុទីន បញ្ជាឱ្យ«ខេត្តភាគខាងត្បូង» ត្រៀមលក្ខណៈទប់ទល់នឹងជំនន់ទឹកភ្លៀងខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល (Anutin Charnvirakul) បានបញ្ជាឱ្យអភិបាលខេត្ត និងភ្នាក់ងារសង្គ្រោះបន្ទាន់ ត្រៀមលក្ខណៈជាស្រេចដើម្បីទប់ទល់នឹងគ្រោះភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងប្រទេស ចាប់ពីថ្ងៃទី៥ ខែតុលា តទៅ ដោយព្យាករណ៍ថា ភ្លៀងនឹងបង្កើនកម្លាំងខ្លាំងខ្លាំងនៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា។

ថ្លែងនាថ្ងៃទី២ ខែតុលានេះ លោក អនុទីន បានបញ្ជាក់ថា ការត្រៀមលក្ខណៈនេះត្រូវគ្របដណ្តប់លើបណ្តាខេត្តចាប់ពីខេត្តប្រាជុបគិរីខាន់ (Prachuap Khiri Khan) រហូតដល់ខេត្តណារ៉ាធិវ៉ាត់ (Narathiwat)។ បទបញ្ជានេះធ្វើឡើងបន្ទាប់ពីនាយកដ្ឋានឧតុនិយមបានចេញការព្រមានពីបម្រែបម្រួលអាកាសធាតុ និងភ្លៀងធ្លាក់នៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា។

លោក អនុទីន បានណែនាំឱ្យអភិបាលខេត្តរៀបចំមជ្ឈមណ្ឌលជម្លៀសខ្លួន ដោយធានាឱ្យមានស្បៀងអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ កន្លែងស្នាក់នៅ និងបង្គន់អនាម័យត្រឹមត្រូវ ប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យ។ លោកបានបន្ថែមថា ទោះបីជាស្ថានភាពទឹកជំនន់នៅទូទាំងប្រទេសមានភាពធូរស្រាលដោយសារភ្លៀងបានអាក់សួរបណ្តោះអាសន្នក្តី ប៉ុន្តែស្ថាប័នពាក់ព័ន្ធមិនត្រូវធ្វេសប្រហែសឡើយ ហើយប្រជាពលរដ្ឋគួរបន្តតាមដានព័ត៌មានផ្លូវការពីរដ្ឋាភិបាលជាចម្បង។

គួរបញ្ជាក់ថា លោក អនុទីន កំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋថៃ ចំពោះបរាជ័យក្នុងការផ្តល់ព័ត៌មានអាសន្ន និងការព្រមានឱ្យបានឆាប់រហ័សអំពីគ្រោះទឹកជំនន់។គិតត្រឹមដើមខែតុលានេះ គ្រោះទឹកជំនន់កំពុងបន្តវាយប្រហារលើខេត្តចំនួន ៣០ របស់ថៃ ក្នុងនោះរួមមាន ១៩១ ស្រុក, ១២២៨ ឃុំ/សង្កាត់, និង ៨៧១៤ ភូមិ ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជិត ១,១៨ លានគ្រួសារ (ស្មើនឹងជាង ៣,៣៥ លាននាក់) រាប់បញ្ចូលទាំងនៅក្នុងរាជធានីបាងកក៕

Khcct banner

អត្ថបទទាក់ទង