Swift cc time

តៃវ៉ាន់ចាប់ខ្លួនស្រ្តី«ថៃ»ម្នាក់លាក់ហេរ៉ូអ៊ីន ៧២ គ្រាប់ក្នុងពោះខ្លួន មានតម្លៃជាង១១ម៉ឺនដុល្លារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ បន្ទាប់ពីបានរកឃើញថានាងបានលេបគ្រាប់ថ្នាំញៀនហេរ៉ូអ៊ីន (Heroin) ចំនួន ៧២គ្រាប់ចូលទៅក្នុងពោះ មានតម្លៃជាង១១ម៉ឺនដុល្លារ ដើម្បីលួចលាក់នាំចូលមកកាន់កោះតៃវ៉ាន់។ យោងតាមវិទ្យុតៃវ៉ាន់អន្តរជាតិ (RTI) ស្ត្រីសង្ស័យដែលមានឈ្មោះបណ្ដោះអាសន្នថា «Ms. A» ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Kaohsiung កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានសម្ងាត់អំពីការលួចលាក់ដឹកជញ្ជូនថ្នាំញៀនលាក់ក្នុងប្រព័ន្ធរំលាយអាហាររបស់ខ្លួន។

អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា គ្រាប់ថ្នាំដែលនាងបានលេបនោះមានទម្ងន់សរុប ២៨៩,១ក្រាម ដែលមានតម្លៃលើទីផ្សារងងឹតប្រមាណ ៣,៦លានដុល្លារតៃវ៉ាន់(ជាង១១ម៉ឺនដុល្លារ)។ គ្រាប់ថ្នាំទាំងនោះត្រូវបានរុំប្លាស្ទិកយ៉ាងណែន ដែលជារបៀបជួញដូរដ៏គ្រោះថ្នាក់បំផុតដល់ជីវិត ព្រោះប្រសិនបើអាស៊ីតក្រពះរំលាយស្រទាប់ប្លាស្ទិកនោះ ដូសថ្នាំញៀនដ៏ច្រើនលើសលប់នឹងជ្រាបចូលក្នុងរាងកាយភ្លាមៗ។

បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចតៃវ៉ាន់បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ និងផ្តល់ថ្នាំជំនួយដើម្បីឱ្យនាងបន្ទោរបង់បញ្ចេញគ្រាប់ថ្នាំទាំង ៧២គ្រាប់នោះមកក្រៅតាមធម្មជាតិ ដែលដំណើរការនេះប្រើពេលរហូតដល់ ១០ថ្ងៃពេញ។ ដោយសាររូបនាងជាគ្រូបង្វឹកប្រដាល់ថៃ (Muay Thai) និងមានកម្លាំងកាយមាំមួន សមត្ថកិច្ចតៃវ៉ាន់បានដាក់កម្លាំងយាមកាមយ៉ាងម៉ឺងម៉ាត់ ២៤ម៉ោងលើ២៤ម៉ោង។

បច្ចុប្បន្ន នាងត្រូវបានបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងក្រុង Kaohsiung ដើម្បីចាត់ការតាមច្បាប់ត្រួតពិនិត្យគ្រឿងញៀនរបស់តៃវ៉ាន់ ខណៈតុលាការបានបង្គាប់ឱ្យឃុំខ្លួននាងបណ្តោះអាសន្នរង់ចាំការជំនុំជម្រះ៕

Khcct banner

អត្ថបទទាក់ទង