ភ្នំពេញ៖ និស្សិតជ័យលាភីអាហារូបករណ៍ឆ្នើម ត្រៀមចេញទៅបន្តការសិក្សានៅសាកលវិទ្យាល័យលំដាប់ពិភពលោក ឈីងហ័រ (Tsinghua University - THU) និង សាកលវិទ្យាល័យបច្ចេកវិទ្យា និងធុរកិច្ចប៉េកាំង (BTBU) សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ តាមរយៈអាហារូបករណ៍ ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន។
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ថ្ងៃទី១៤ សីហា ២០២៦ បានរៀបចំពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ដើម្បីផ្តល់កម្លាំងចិត្ត និងបំពាក់បំប៉នស្មារតីដល់យុវជនកម្ពុជា តាមរយៈការចែករំលែកបទពិសោធន៍ផ្ទាល់ពីសំណាក់រៀមច្បង និងអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសចិន ធានាឱ្យប្អូនៗមានភាពម្ចាស់ការទាំងលើការរស់នៅ និងការសិក្សាស្រាវជ្រាវក្នុងបរិបទអន្តរជាតិ។
បើតាម ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានឱ្យដឹងថា លោក សុខ ពិសិដ្ឋ អគ្គលេខាធិការនៃផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានផ្តាំផ្ញើអនុសាសន៍សំខាន់ៗដើម្បីជាត្រីវិស័យសម្រាប់និស្សិតជ័យលាភីទាំងអស់ថា សូមយុវជនពង្រឹងសមត្ថភាព និងចាប់យកឱកាសឱ្យអស់លទ្ធភាព ដើរតួជា «ទូតសុឆន្ទៈវ័យក្មេង» ចូលរួមចំណែកលើកកម្ពស់ការយល់ដឹងពីវប្បធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងយុវជនកម្ពុជា-ចិនឱ្យកាន់តែស្អិតរមួត។
គិតមកដល់ពេលនេះ ផ្ទះយុវជនបានបញ្ជូននិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ BTBU ចំនួន ២០ រូប។ ជាមួយគ្នានេះ ផ្ទះយុវជនគ្រោងនឹងបញ្ជូននិស្សិតជាងដប់រូបបន្ថែមទៀត ទៅបន្តការសិក្សានៅ BTBU នៅចុងខែសីហា ឆ្នាំ២០២៦ ខាងមុខ។
គួររម្លឹកថា ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរនិស្សិតអន្តរជាតិ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពសម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ៕