Swift cc time

អតីត CEO ម្នាក់ ធ្លាប់បញ្ឈប់បុគ្គលិក ៩០០នាក់ តាម Zoom ចុងក្រោយត្រូវក្រុមហ៊ុនខ្លួនឯងប្តឹងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ញូវយ៉ក៖ អតីតអគ្គនាយកក្រុមហ៊ុន Better Home & Finance លោក Vishal Garg ដែលធ្លាប់រងការរិះគន់យ៉ាងខ្លាំងជុំវិញការបញ្ឈប់បុគ្គលិក ៩០០នាក់ក្នុងពេលដំណាលគ្នាតាមកម្មវិធី Zoom កំពុងប្រឈមមុខនឹងបណ្តឹងផ្លូវច្បាប់ពីសំណាក់ក្រុមហ៊ុន Better Home & Finance វិញ ដោយការប្តឹងផ្តល់នេះបានកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាភិបាលបានបោះឆ្នោតទម្លាក់រូបលោកចេញពីតំណែងកាលពីថ្ងៃទី៣ ខែសីហា ដោយសារក្រុមហ៊ុនខាតបង់ថវិកាអស់ជាង ១,៥ប៊ីលានដុល្លារ និងធ្វើឱ្យតម្លៃភាគហ៊ុនធ្លាក់ចុះជាង ៩០% ក្រោមការដឹកនាំរបស់លោក។

យោងតាមពាក្យបណ្តឹង ក្រុមហ៊ុនបានចោទប្រកាន់លោក Garg ពីបទប្រើប្រាស់ពាក្យអសុរោះប្រមាថបុគ្គលិកថា «ស្វា» ឬ «ពួកល្ងង់ខ្លៅ» ព្រមទាំងបានធ្វើ «យុទ្ធនាការធ្វើឱ្យខូតខាតធ្ងន់ធ្ងរ» បំពានច្បាប់មូលបត្រ ដោយបង្កើតព័ត៌មានភូតភរលើប្រព័ន្ធផ្សព្វផ្សាយថាលោកទទួលបានភាគហ៊ុន ៥២% ដើម្បីដណ្តើមអំណាចគ្រប់គ្រងឡើងវិញ។

បច្ចុប្បន្ន ក្រុមហ៊ុនបានស្នើសុំឱ្យតុលាការមោឃភាពការគាំទ្រភាគហ៊ុនទាំងនោះ និងហាមឃាត់រូបលោកពីការកៀរគរភាគហ៊ុនបន្ថែមរយៈពេល ៣០ថ្ងៃ។ ជាការឆ្លើយតប លោក Garg បានបដិសេធ និងចោទប្រកាន់ត្រឡប់ទៅក្រុមប្រឹក្សាភិបាលវិញថាជាអ្នកបំពានច្បាប់ពិតប្រាកដ៕

Khcct banner

អត្ថបទទាក់ទង