ភ្នំពេញ៖ លោក ទ្រី វិចិត្រ មានវ័យ២៧ឆ្នាំ ជាយុវជនតស៊ូមកពីខេត្តកំពង់ចាម បច្ចុប្បន្នបានមកស្នាក់នៅវត្តមុនីសាគរ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នយុវជនរូបនេះ កំពុងបង្រៀនព្រះសង្ឃផ្នែកភាសាអង់គ្លេស ទោះបីមានពិការភាពក៏ដោយ។ លោក ទ្រី វិចិត្រ មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនមួយរូបនៅថ្ងៃអនាគត។
ក្នុងបទសម្ភាសជាមួយស៊ីស៊ីថាមស៍ លោក ទ្រី វិចិត្រ បានបញ្ជាក់ថា រូបលោកមានពិការភាពដោយសារគ្រោះថ្នាក់ឆក់ខ្សែភ្លើង ខណៈកំពុងជួយឳពុកមាប្រក់ដំបូលផ្ទះ។ ពេលដំបូងៗ វិចិត្រ មានភាពលំបាកខ្លាំងក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ សូម្បីតែការហូបចុក សិតសក់ ដុសធ្មេញ ហើយមិនអាចបន្តការសិក្សាបានតទៅទៀត ដោយសារវិចិត្រត្រូវការពេលវេលាដើម្បីសាំនឹងពិការភាពរបស់ខ្លួន។
លោក ទ្រី វិចិត្រ បានបញ្ជាក់ថា បច្ចុប្បន្នសម្រេចចិត្តធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ ដោយសារចូលចិត្ត និងទឹកចិត្តស្រឡាញ់ភាសាអង់គ្លេសកន្លងមក។ បន្ថែមពីនេះ លោកចង់ចែករម្លែកចំណេះដឹងនេះ ឱ្យទៅព្រះសង្ឃ និងមនុស្សជុំវិញខ្លួន ដើម្បីអាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងប្រកបការងារនាថ្ងៃអនាគត។ សម្រាប់ថ្ងៃអនាគត លោក ទ្រី វិចិត្រ មានក្តីស្រមៃចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដែលអាចបង្រៀនសិស្ស និងមានចំណូលប្រសើរជាងមុន៕
សូមទស្សនាវីដេអូសម្ភាសន៍ពេញ៖