Swift cc time

ពេទ្យនៅស្រីលង្កា វះយកគ្រួសក្នុងតម្រងនោមទម្ងន់ ៣,១គីឡូ ពីអ្នកជំងឺម្នាក់ដោយជោគជ័យ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ស្រីលង្កា៖ ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមួយក្នុងក្រុង Trincomalee ភាគខាងកើតប្រទេសស្រីលង្កា បានវះកាត់យកគ្រួសក្នុងតម្រងនោម (Bladder stone) ដ៏ធំសម្បើមមួយ ដែលមានទម្ងន់រហូតដល់ ៣,១គីឡូក្រាម ចេញពីខ្លួនបុរសអាយុ ៥៥ឆ្នាំម្នាក់ បានដោយជោគជ័យ។ វេជ្ជបណ្ឌិតម្នាក់បានពន្យល់ថា ដុំគ្រួសទំហំយក្សនេះ អាចកកើត និងស្ថិតនៅក្នុងផ្លោកនោមរបស់អ្នកជំងឺប្រហែលពី ៥ ទៅ ១០ឆ្នាំមកហើយ។

យោងតាមការចេញផ្សាយរបស់កាសែត BBC អ្នកជំងឺរូបនេះត្រូវ បានបញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានកើតជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)។ ប៉ុន្តែនៅក្នុងអំឡុងពេលទទួលបានការព្យាបាល គ្រូពេទ្យបានកត់សម្គាល់ឃើញថា គាត់មានការពិបាកក្នុងការបត់ជើងតូច ហើយនៅពេលពិនិត្យបន្ថែម ទើបប្រទះឃើញដុំគ្រួសដ៏ធំនៅក្នុងផ្លោកនោមរបស់គាត់។

នៅក្នុងប្រតិបត្តិការវះកាត់ គ្រូពេទ្យបានយកដុំគ្រួសនោះចេញដោយជោគជ័យ ដែលវាមានទម្ងន់ប្រហាក់ប្រហែលនឹងទារកទើបនឹងកើត មានទំហំប៉ុន «ពងសត្វអូទ្រីស» និងមានប្រវែងជិត ១៧សង់ទីម៉ែត្រ។

លោកវេជ្ជបណ្ឌិត Pragalathan Balakrishnan ប្រធានក្រុមវះកាត់បានគូសបញ្ជាក់ថា៖ ផ្អែកលើកំណត់ត្រាដែលមានស្រាប់ នេះគឺជាគ្រួសក្នុងផ្លោកនោមដ៏ធំជាងគេបង្អស់ដែលត្រូវបានកត់ត្រាទុក និងត្រូវបានវះកាត់យកចេញដោយជោគជ័យ។ លោកបានបន្ថែមថា បច្ចុប្បន្នអ្នកជំងឺមានសុខភាពល្អប្រសើរខ្លាំងណាស់ ប៉ុន្តែនៅតែបន្តសម្រាកនៅមន្ទីរពេទ្យដើម្បីទទួលការព្យាបាលជំងឺផ្សេងៗទៀតរបស់គាត់៕

Khcct banner

អត្ថបទទាក់ទង