អាម៉េរិក៖ សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើប្រធានតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី Tomoko Akane ដែលមានសញ្ជាតិជប៉ុន និងមេធាវីជាន់ខ្ពស់នៃតុលាការ ICC ម្នាក់ទៀតគឺលោក Abdoulaye Seye មកពីប្រទេសសេណេហ្គាល់ ដែលនេះជាការវាយប្រហារចុងក្រោយរបស់រដ្ឋបាលលោក ត្រាំ ប្រឆាំងនឹងតុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិកបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលទាំងនេះបានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ ICC ដើម្បីស៊ើបអង្កេត ចាប់ខ្លួន ឃុំខ្លួន ឬចោទប្រកាន់មន្ត្រីដែលរដ្ឋាភិបាលរបស់ពួកគេមិនបានយល់ព្រមចំពោះយុត្តាធិការរបស់ ICC។
ឆ្លើយតបចំពោះចំណាត់ការទណ្ឌកម្មរបស់អាម៉េរិកតុលាការ ICC បានបញ្ជាក់កាលពីល្ងាចថ្ងៃ អង្គារ ថា ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់នីតិរដ្ឋ។ តុលាការបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅពេលដែលអ្នកអនុវត្តច្បាប់ត្រូវបានគំរាមកំហែងចំពោះការអនុវត្តច្បាប់ នៅពេលនោះហើយសណ្តាប់ធ្នាប់ផ្លូវច្បាប់អន្តរជាតិស្ថិតក្នុងហានិភ័យ។
គួររម្លឹកថាតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បង្កើតឡើងក្នុងឆ្នាំ ២០០២ ដែលសមាជិកចុះអត្ថលេខាទទួលស្គាល់ប្រមាន ១២៥ ប្រទេសមានតួនាទីចោទប្រកាន់បុគ្គលដែលប្រព្រឹត្តបទឧក្រិដ្ឋកម្ម ឃោរឃៅធ្ងន់ធ្ងរបំផុត និងដើរតួជាជម្រើសចុងក្រោយនៅពេលដែលប្រទេសនានាមិនមានប្រព័ន្ធច្បាប់គ្រប់គ្រាន់ដើម្បីធានាការទទួលខុសត្រូវ និងចាប់ខ្លួនបុគ្គលនោះ។សហរដ្ឋអាម៉េរិក ដែលមិនមែនជាភាគីនៃសន្ធិសញ្ញាអន្តរជាតិដែលបានបង្កើត ICC បានដាក់ទណ្ឌកម្មប្រឆាំងនឹងមន្ត្រីមួយចំនួនរបស់តុលាការរួចហើយ។ កាលពីខែមុន ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមការវាយលុកការទូតដ៏ខ្លាំងមួយប្រឆាំងនឹង ICC ដោយចោទប្រកាន់ថា ICC បាន គំរាមកំហែង ជនជាតិអាម៉េរិក និងអំពាវនាវឱ្យដៃគូដកខ្លួនចេញពីស្ថាប័ននេះ។ តុលាការមួយនេះក៏ធ្លាប់បានចេញដីការតាមខ្លួននាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ ផងដែរ៕