Swift cc time

កម្មករសំណង់ហ្វីលីពីនម្នាក់ បោះបង់ការសិក្សា១១ឆ្នាំដោយសារខ្វះថវិកា តែមិនបោះបង់ក្ដីស្រមៃ ក៏មកបន្តការសិក្សាឡើងវិញ រហូតជាប់ចំណាត់ថ្នាក់ល្អដាច់គេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ ការសម្រេចជោគជ័យក្នុងជីវិតមិនមានដែនកំណត់នៃអាយុនោះឡើយ។ នេះជាសាច់រឿងតស៊ូដ៏គួរឱ្យកោតសរសើររបស់លោក Butch Warren Hojas ដែលបានឆ្លងកាត់ និងយកឈ្នះឧបសគ្គជីវិត ពីការប្រកបរបរជាកម្មករសំណង់ជិត ១០ ឆ្នាំ និងឈប់រៀនអស់១១ឆ្នាំ រហូតអាចបន្តការសិក្សា និងប្រឡងជាប់ជាគណនេយ្យករជំនាញ (CPA) ក្នុងចំណាត់ថ្នាក់ Top 10 ប្រចាំប្រទេសហ្វីលីពីន ក្នុងវ័យ ៣២ ឆ្នាំ។

យោងតាមការចុះផ្សាយរបស់ Philippine Scholar លោក Butch បានប្រឈមមុខនឹងជីវិតដ៏លំបាកដោយបាត់បង់ម្តាយតាំងពីថ្នាក់ទី ៥ ខណៈឪពុកត្រូវធ្វើការស៊ីឈ្នួលចិញ្ចឹមគ្រួសារ។ បន្ទាប់ពីបញ្ចប់វិទ្យាល័យ លោកបានផ្អាកការសិក្សា ៧ ឆ្នាំ ដើម្បីធ្វើការងារសំណង់ ដោយក្នុងនោះ ៤ ឆ្នាំ ជាជាងលាបថ្នាំនៅទីក្រុងអាប៊ុយដាប៊ី។

ប៉ុន្តែបំណងប្រាថ្នាចង់បានអនាគតល្អជាងនេះ បានរុញច្រានឱ្យលោកសម្រេចចិត្តត្រឡប់មកស្រុកកំណើតវិញ ដើម្បីបន្តការសិក្សាដែលបានបោះបង់ចោលអស់រយៈពេល ១១ ឆ្នាំ ដោយបានយកប្រាក់សន្សំពីការធ្វើការនៅបរទេស ទៅចុះឈ្មោះរៀនបរិញ្ញាបត្រផ្នែកគណនេយ្យ (BS Accountancy) នៅសាកលវិទ្យាល័យ University of the Visayas–Cebu City ក្នុងឆ្នាំ ២០១៨។

ទោះបីជាមានការព្រួយបារម្ភពីគម្លាតអាយុ និងសមត្ថភាពសិក្សា លោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហូតទទួលបានជ័យលាភីលេខ ១ ក្នុងកម្មវិធីប្រកួតប្រជែងសិស្សគណនេយ្យឆ្នើមទូទាំងប្រទេសហ្វីលីពីន ក្នុងឆ្នាំ ២០២១។

ដំណើរការសិក្សារបស់លោកត្រូវជួបឧបសគ្គជាថ្មី ដោយសារវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យប្រាក់សន្សំរបស់លោកត្រូវរីងស្ងួត រហូតត្រូវខ្ចីប្រាក់គេដើម្បីបន្តការសិក្សា ស្របពេលដែលរូបលោក និងភរិយាទើបតែទទួលបានកូនដំបូង។ ប៉ុន្តែដោយសារមានការជួយជ្រោមជ្រែង និងមើលថែកូនពីសំណាក់ភរិយា និងម្តាយក្មេក លោកក៏បានខិតខំប្រឹងប្រែងរហូតប្រឡងបញ្ចប់ការសិក្សាដោយទទួលបាននិទ្ទេសកិត្តិយស (Latin Honors) នៅក្នុងខែសីហា ឆ្នាំ ២០២២។

ត្រឹមតែ ២ ខែក្រោយមក ក្នុងវ័យ ៣២ ឆ្នាំ លោក Butch បានចូលរួមការប្រឡងជ្រើសរើសគណនេយ្យករជំនាញ (CPALE) ក្នុងខែតុលា ឆ្នាំ ២០២២ ដោយទទួលបានពិន្ទុរហូតដល់ ៨៧.៥០% និងជាប់ក្នុងចំណាត់ថ្នាក់ Top 10 ប្រចាំប្រទេស ក្នុងចំណោមបេក្ខជនប្រឡងសរុប ៦,៦៦៥ នាក់ (ដែលមានអ្នកជាប់ត្រឹមតែ ១,៧២២ នាក់ប៉ុណ្ណោះ)។

លោក Butch បានចែករំលែកសារលើកទឹកចិត្តដល់អ្នកដែលមានដំណើរផ្លូវវែងឆ្ងាយក្នុងការសម្រេចគោលដៅថា៖ «ខ្ញុំមានអាយុ ៣២ ឆ្នាំទៅហើយនៅពេលដែលខ្ញុំបានក្លាយជា CPA ប៉ុន្តែវាមិនបានធ្វើឱ្យតម្លៃនៃជោគជ័យនោះថយចុះឡើយ... យើងបរាជ័យ លុះត្រាតែយើងឈប់ព្យាយាម!»៕

Khcct banner

អត្ថបទទាក់ទង