Swift cc time

ជំនន់ទឹកភ្លៀងខ្លាំង វាយជន់លិចផ្ទះសម្បែង និងផ្តាច់ស្ពានជាច្រើន នៅខេត្តមួយរបស់ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ គិតត្រឹមម៉ោង ០៦:០០ ព្រឹកនេះ ជំនន់ទឹកភ្លៀងយ៉ាងគំហុកបានវាយប្រហារ និងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋថៃជាច្រើនខ្នង ព្រមទាំងផ្តាច់ស្ពានធ្វើដំណើរនៅក្នុងស្រុកពួ (Pua) ខេត្តណាន (Nan) ប្រទេសថៃ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយយប់នៅក្នុងឃុំភូកា (Phu Ka) ដោយកម្រិតទឹកភ្លៀងវាស់បានរហូតដល់ទៅលើសពី ១១០ មីលីម៉ែត្រ។

យោងតាមការចេញផ្សាយរបស់កាសែត Amarin News ស្ថានការណ៍នៅទីនោះកំពុងស្ថិតក្នុងភាពអាសន្ន ដោយនៅភូមិបានរ៉ង (Ban Rong) ទឹកជំនន់បានហូរចូលជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋថៃយ៉ាងខ្លាំង រហូតកើនឡើងខ្ពស់ស្ទើរតែដល់ជាន់ទីពីរ។ នៅភូមិបានណាឡែ (Ban Na Lae) ស្ពានតភ្ជាប់ផ្លូវទៅកាន់ឧទ្យានជាតិដូយភូកា និងស្រុកបូក្លឿ (Bo Kluea) ត្រូវបានទឹកជំនន់កាត់ផ្តាច់ទាំងស្រុង ធ្វើឱ្យមិនអាចធ្វើដំណើរឆ្លងកាត់បាន ព្រមទាំងមានករណីបាក់ដីបិទផ្លូវនៅឃុំអួន (Oan) ថែមទៀត។

បច្ចុប្បន្ន អាជ្ញាធរថៃ កំពុងប្រញាប់ប្រញាល់ចុះអន្តរាគមន៍ជួយសង្គ្រោះជាបន្ទាន់៕

Khcct banner

អត្ថបទទាក់ទង