លោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta
អាម៉េរិក៖ តុលាការសហព័ន្ធសហរដ្ឋអាម៉េរិកបានប្តឹង និងចោទប្រកាន់ក្រុមហ៊ុន META ដែលមានសម្ព័ន្ធបណ្តាញសង្គមធំៗជាច្រើនរួមមាន Facebook, Instagram, Whatsapp ជាដើមថាបានបង្កើតបណ្តាញសង្គមទាំងនេះបង្កើនទៅជាការញៀនដល់អ្នកប្រើប្រាស់វ័យក្មេង។ តុលាការសហព័ន្ធអាម៉េរិកបានស្នើសុំឱ្យក្រុមហ៊ុន META ត្រូវរងពិន័យប្រាក់ប្រមាណ ២០០ ពាន់លានដុល្លារអាម៉េរិក ចំពោះការរចនា និងផលិតបណ្តាញសង្គមដែលបណ្តាលឱ្យញៀនដល់កុមារ។
រដ្ឋមួយចំនួនធំនៅសហរដ្ឋអាម៉េរិកកំពុងធ្វើអន្តរាគមន៍លើបណ្តាញសង្គមក្រុមហ៊ុន META ក្រោយពីសភាអាម៉េរិកបានបរាជ័យក្នុងការធ្វើសកម្មភាពឆ្លើយតបទៅនឹងការបង្កើតបណ្តាញសង្គមដែលធ្វើឲ្យកុមារជាច្រើនញៀនក្នុងការប្រើប្រាស់។រដ្ឋ Colorado លោក Phil Weiser បាននិយាយកាលពីរសៀលថ្ងៃអង្គារក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ រឿងបណ្តាញសង្គមនេះដូចជាករណីសំខាន់ៗប្រឆាំងនឹងក្រុមហ៊ុនថ្នាំជក់ពីទសវត្សរ៍កន្លងមកអញ្ចឹង លោកថាករណីនេះក៏ពាក់ព័ន្ធនឹងសុខភាពសាធារណៈ និងជាពិសេសប៉ះពាល់ដល់ក្មេងៗដែលចំណាយពេលជាច្រើនប្រើប្រាស់បណ្តាញសង្គម។
ជាមួយគ្នានេះដែររដ្ឋអាជ្ញានៅរដ្ឋ California លោកស្រី Megan O'Neill បានចាត់ទុកសកម្មភាពរបស់ក្រុមហ៊ុន Meta ថាជាគំរូមួយដែលមានបំណងទាក់ទាញអ្នកប្រើប្រាស់ ប្រមូលទិន្នន័យរបស់ពួកគេ និងបិទបាំងការពិតពីសាធារណជន។
ជាការឆ្លើយតបមេធាវីរបស់ Meta គឺលោក Paul Schmidt បានទទួលស្គាល់ថាអ្នកប្រើប្រាស់មួយចំនួនមានបទពិសោធន៍អវិជ្ជមានលើកម្មវិធី ប៉ុន្តែលោកបានអះអាងថាក្រុមហ៊ុនបានព្យាយាមបង្កើតឧបករណ៍កម្មវិធីដើម្បីជួយពួកគេ។ មុនពេលការកាត់ក្តីចាប់ផ្តើម ក្រុមហ៊ុនបានបដិសេធការចោទប្រកាន់ទាំងនេះ ដោយទទូចថាខ្លួនបានធ្វើការជាមួយឪពុកម្តាយ អ្នកជំនាញ និងការអនុវត្តច្បាប់ ដើម្បីបញ្ចូលការការពារសម្រាប់កុមារដែលបានប្រើប្រាស់បណ្តាញសង្គមរបស់ខ្លួន៕