Swift cc time

សិក្ខាសាលា «ជំហាននិស្សិត៖ ជីវិតក្រោយចប់បាក់ឌុប» នឹងរៀបចំឡើងដើម្បីតម្រង់ទិសសិស្សរើសជំនាញ និងអាហារូបករណ៍

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរបស់សិស្សានុសិស្សទើបបញ្ចប់ការប្រឡងបាក់ឌុប ដែលកំពុងជួបការលំបាកក្នុងការសម្រេចចិត្តជ្រើសរើសជំនាញសិក្សា និងអ្នកដែលមានក្តីស្រមៃចង់ទទួលបានអាហារូបករណ៍ កម្មវិធីសិក្ខាសាលា «ជំហាននិស្សិត៖ ជីវិតក្រោយចប់បាក់ឌុប» នឹងរៀបចំនៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៦ ពីម៉ោង ៧:៣០-១១:៣០ នាទីព្រឹក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។

កម្មវិធីនេះនឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់ក្នុងការផ្តល់ជូននូវបទពិសោធជាក់ស្តែងលើការជ្រើសរើសជំនាញឱ្យបានត្រឹមត្រូវ ការត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការឈានចូលជីវិតជានិស្សិតសាកលវិទ្យាល័យ គន្លឹះសំខាន់ៗដើម្បីរៀនឱ្យពូកែ និងវិធីសាស្ត្រក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យទទួលបានជោគជ័យ។

លោក ភាព សុភ័ក្រ អ្នករៀបចំកម្មវិធី BacII Podcast

លោក ភាព សុភ័ក្រ អ្នករៀបចំកម្មវិធី BacII Podcast ដែលជាអ្នករៀបចំកម្មវិធីសិក្ខាសាលានេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីនឹងបែកចែកជាពីរ គឺ ការជ្រើសរើសជំនាញ និងការផ្តល់អាហារូបករណ៍ ដោយសារតែឃើញមានសិស្សភាគច្រើន ពិបាកក្នុងការជ្រើសរើសជំនាញ ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយលោកសង្ឃឹមថាកម្មវិធីនេះ នឹងអាចចូលរួមចំណែកក្នុងការសម្រេចចិត្តរបស់ពួកគេ។ ចំណែកឯសិស្សខ្លះទៀត មានបំណងចង់ដាក់អាហារូបករណ៍តែត្រូវការការណែនាំដូចនេះ លោកសង្ឃឹមថា កម្មវិធីនឹងផ្តល់ជាគន្លឹះសម្រាប់ពួកគេឈោងចាប់ក្តីស្រមៃបានអាហារូបករណ៍នាពេលខាងមុខ។

បើតាមប្រភពដដែល បានឱ្យដឹងថា វាគ្មិនកិត្តិយសចូលរួមមានដូចជា កិច្ចពិភាក្សាទី១៖ ការត្រៀមខ្លួនចូលសាកលវិទ្យាល័យ និងជីវិតជានិស្សិត មានការចូលរួមពិភាក្សាពី វេជ្ជបណ្ឌិត លឹម សេងឃួន ជាសហស្ថាបនិកនៃស្ថានីយ៍អារម្មណ៍, បណ្ឌិត ហៀង សុធារ៉ា ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ទួន ហ្វា កញ្ញា សាន ស្រីនិច អ្នកបង្កើតមាតិកា ។ ចំណែកឯ កិច្ចពិភាក្សាទី២៖ ត្រៀមខ្លួនសម្រាប់អាហារូបករណ៍ មានការចូលរួមពី កញ្ញា តាន់ សម្ផស្ស ជានិស្សិតបញ្ចប់ការសិក្សាពី HARVARD, លោក វ៉ែត សុផាន់ណា (វីវីដ) ជាអតីតនិស្សិតអាហារូបករណ៍ CHEVENING និង កញ្ញា ភូ ស្រីណែត ជានិស្សិតបញ្ចប់ការសិក្សាពីប្រទេសចិន។ កិច្ចពិភាក្សានឹងត្រូវបានសម្របសម្រួលដោយ •អ្នកនាង សៀក ពេជ្ររចនា ជាអ្នកបង្កើតមាតិកា។

សិស្សានុសិស្ស និងសាធារណជនដែលមានបំណងចូលរួម អាចធ្វើការចុះឈ្មោះជាមុនតាមរយៈតំណភ្ជាប់ https://forms.gle/BrPzSZSuQ7wbfmYs8

Khcct banner

អត្ថបទទាក់ទង