Swift cc time

រុស្ស៊ី ព្រមាននឹងឆ្លើយតបបើអង់គ្លេសហ៊ានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីរុស្ស៊ីលោក ពូទីន

មូស្គូ៖ រុស្ស៊ីបានចោទប្រកាន់ចក្រភពអង់គ្លេសថាកំពុងតែជ្រើសរើសផ្លូវដើរខុសកាន់តែធ្ងន់ធ្ងរឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកដែលផលិតដោយអង់គ្លេសត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី។ ស្ថានទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងការធ្វើដូច្នេះ ចក្រភពអង់គ្លេសកំពុងដើរតួជាអ្នកសមគំនិត និងជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋបង្ហូរឈាម និងការវាយប្រហារភេរវកម្មប្រឆាំងជាមួយនឹងរុស្ស៊ីដោយផ្ទាល់។

ប្រធានាធិបតីអ៊ុយក្រែន និងនាយករដ្ឋមន្រ្តីអង់គ្លេស

ស្ថានទូតរុស្ស៊ីប្រចាំចក្រភពអង់គ្លេសបានប្រកាសចាត់ទុក សកម្មភាពរបស់ទីក្រុងឡុងដ៍នឹងមានផលវិបាកដែលខ្លួននឹងត្រូវឆ្លើយតបជាមិនខាន ហើយការចូលរួមកាន់តែជ្រៅរបស់អង់គ្លេសនៅក្នុងជម្លោះ មួយនេះ នឹងធ្វើឲ្យអង់គ្លេសចំណាយកាន់តែច្រើន។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា យន្តហោះគ្មានមនុស្សបើកដែលប្រើប្រាស់គ្រឿងបន្លាស់ និងការកំណត់រចនាសម្ព័ន្ធរបស់ចក្រភពអង់គ្លេសត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារទឹកដីរុស្ស៊ី រួមទាំងឃ្លាំងប្រេងឥន្ធនៈមួយនៅក្នុងស្រុក Kamensky នៃតំបន់ Rostov។ រុស្ស៊ីព្រមាននឹងឆ្លើយតបទៅវិញបើសកម្មភាពរបស់អង់គ្លេសនៅតែបន្តកើតមានទៀត។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការពារជាតិអង់គ្លេស (MoD) បានប្រាប់ BBC News ថា ចក្រភពអង់គ្លេសបានឈរស្មាទល់នឹងស្មាជាមួយអ៊ុយក្រែន។ អ្នកនាំពាក្យរូបនេះអះអាងថា រុស្ស៊ីមិនគួរមានការសង្ស័យទេអំពីការតាំងចិត្តរបស់រដ្ឋាភិបាលអង់គ្លេសក្នុងការឈរប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនឡើយ ហើយចក្រភពអង់គ្លេសនឹងប្តេជ្ញាផ្តល់ឧបករណ៍ដែលអ៊ុយក្រែនត្រូវការដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានខុសច្បាប់របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន។

ប្រភពយោធាមួយបានបញ្ជាក់ប្រាប់ BBC ថា យន្តហោះគ្មានមនុស្សបើករបស់ចក្រភពអង់គ្លេសត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារ ដែលត្រូវបានគេជឿជាក់ថាបានបង្កការខូចខាតសេដ្ឋកិច្ចជាង ៣៥ពាន់លានផោនដល់រុស្ស៊ី។

ដ្រូនមួយគ្រឿងរបស់ចក្រភពអង់គ្លេស

ជាមួយគ្នានេះដែរ នៅក្នុងការវាយប្រហារចុងក្រោយបំផុតពេញមួយយប់ មន្ត្រីរុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើកប្រហែល ៦២០ គ្រឿងត្រូវបានហោះហើរឆ្ពោះទៅកាន់តំបន់ជុំវិញទីក្រុងមូស្គូ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបំផ្លាញយន្តហោះគ្មានមនុស្សបើកជាង ១៨០ គ្រឿង ប៉ុន្តែនៅតែមានមនុស្សជាច្រើននាក់បានរងរបួសពីការវាយប្រហាររបស់អ៊ុយក្រែន។

នៅអ៊ុយក្រែន មានយ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានសម្លាប់ និងបួននាក់រងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Zaporizhzhia នេះបើយោងតាមអភិបាលតំបន់ Ivan Fedorov បានប្រកាសនៅតាមបណ្តាញសង្គម Telegram។ លោកបាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារចំនួន ១.១៥៨ លើកលើការតាំងទីលំនៅចំនួន ៥៩ នៅក្នុងតំបន់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក៕

Khcct banner

អត្ថបទទាក់ទង