Swift cc time

ពីទឹកដីអូស្រ្តាលី អនុទីន បង្ហាញការប្តេជ្ញាចិត្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
នាយករដ្ឋមន្រ្តីថៃ លោក អនុទីន (ឆ្វេង) និង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese

ស៊ីដនី៖ នៅក្នុងឱកាសថ្លែងសុន្ទរកថានៅឯវិទ្យាស្ថាន Lowy Institute ក្នុងក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់ វីរៈគុល បានអះអាងពីការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយរាល់វិវាទជាមួយកម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគី។

យោងតាមការចុះផ្សាយរបស់កាសែត Thai Enquirer លោក អនុទីន បានប្រកាសថា ប្រទេសថៃនឹងមិនចាត់តាំងខ្លួនឯងទៅខាងប្លុកភូមិសាស្ត្រនយោបាយណាមួយឡើយ ប៉ុន្តែត្រូវតែរក្សាសេរីភាពពេញលេញក្នុងការធ្វើជម្រើសយុទ្ធសាស្ត្រផ្ទាល់ខ្លួន ដោយចង្អុលបង្ហាញអំពីអាទិភាពចំនួន ៣ សម្រាប់ប្រទេសអំណាចមធ្យម គឺការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ការរក្សាស្វ័យភាពយុទ្ធសាស្ត្រតាមរយៈដៃគូប្រកបដោយភាពចម្រុះ និងការកសាងភាពធន់នៃសេដ្ឋកិច្ច ខណៈលោកបានចាត់ទុកអាស៊ានជា «បង្គោលចរយុទ្ធសាស្ត្រ» ដ៏សំខាន់របស់ថៃ។

លោក អនុទីន ក៏បានបញ្ជាក់សារជាថ្មីនូវការគាំទ្ររបស់ថៃលើកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ានស្តីពីវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដោយបានគូសបញ្ជាក់ថា អាជ្ញាធរមីយ៉ាន់ម៉ាបានអនុញ្ញាតឱ្យតំណាងកាកបាទក្រហមអន្តរជាតិ (ICRC) ចូលជួបលោកស្រី អ៊ុងសាន ស៊ូជី បន្ទាប់ពីមានការជ្រោមជ្រែងពីភាគីថៃ។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ លោក អនុទីន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese គ្រោងនឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមគ្នានៅទីក្រុងកង់ប៊ែរ៉ា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែសំខាន់ៗ ថាមពលស្អាត ឧស្សាហកម្មផលិតកម្មជឿនលឿន ពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យា AI៕

Khcct banner

អត្ថបទទាក់ទង