Swift cc time

យុវជនកម្ពុជា ៤២រូប នឹងចេញទៅបន្តការសិក្សានៅបារាំង ឆែក អៀរឡង់ និងកូរ៉េខាងត្បូង

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ យុវជនកម្ពុជា៤២រូប ទទួលបានអាហារូបករណ៍នឹងបន្តការសិក្សានៅសាធារណរដ្ឋបារាំង សាធារណរដ្ឋឆែក ប្រទេសអៀរឡង់ និងប្រទេសកូរ៉េខាងត្បូង។ មុនពេលចេញទៅបន្តការសិក្សា យុវជនទាំង៤២រូប ទទួលបានណែនាំ និងលើកទឹកចិត្តពីលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឱ្យខិតខំសិក្សារៀនសូត្រ ចូលរួមបំពេញតួនាទីជាអ្នកផ្សព្វផ្សាយឱ្យបរទេសស្គាល់ពីកម្ពុជា។

នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ៤២រូប (ទៅសាធារណរដ្ឋបារាំង ១៣រូប សាធារណរដ្ឋឆែក ១៨រូប ប្រទេសអៀរឡង់ ១០រូប និងប្រទេសកូរ៉េខាងត្បូង ១រូប) មុនពេលពួកគាត់ចេញទៅបន្តការសិក្សានៅក្រៅប្រទេស។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានចែករំលែកបទពិសោធល្អៗ ទស្សនៈវិស័យ និងការប្តេជ្ញាចិត្តពីការទៅបន្តការសិក្សានៅក្រៅប្រទេស ដែលខ្លួនធ្លាប់បានឆ្លងកាត់ និងជំរុញលើកទឹកចិត្តដល់និស្សិតគ្រប់រូប ត្រូវខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះវិជ្ជាពីសាលាផង និងពីសង្គមខាងក្រៅផង និងត្រូវចូលរួមបំពេញតួនាទីជាអ្នកផ្សព្វផ្សាយឱ្យបរទេសស្គាល់ពីកម្ពុជា ដោយភាពជាតំណាងប្រទេស និងប្រជាជនខ្មែរ។

ជាចុងបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រីបានជូនពរនិស្សិតគ្រប់រូប ទទួលបានជោគជ័យ ជួបតែសុខសុវត្ថិភាព ហើយត្រលប់មកវិញជាមួយកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ៕


Khcct banner

អត្ថបទទាក់ទង