ចិន៖ រ៉ូបូតបម្រើការតាមផ្ទះជាច្រើនប្រភេទរបស់ចិន កំពុងត្រូវបានវិស្វករធ្វើតេស្ត និងដុសខាត់សមត្ថភាពយ៉ាងសកម្មនៅក្នុងបរិស្ថានផ្ទះសិប្បនិម្មិត ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡារ៉ូបូតធំជាងគេ «World Humanoid Robot Games» លើកទី២ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបេកាំង ចាប់ពីថ្ងៃទី២២ ខែសីហានេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនCCTV+ ព្រឹត្តិការណ៍រយៈពេល ៥ ថ្ងៃនេះ រៀបចំឡើងដោយរដ្ឋាភិបាលក្រុងបេកាំង និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) ដោយមានការចូលរួមពីក្រុមប្រកួតចំនួន ៦៦៦ ក្រុម និងរ៉ូបូតសរុប ២,០៥៦ គ្រឿង មកពី ១៦ ប្រទេស។ ការប្រកួតនេះមាន ៣០ វិញ្ញាសាកីឡា និងការប្រយុទ្ធ ព្រមទាំង ២១ វិញ្ញាសាសេណារីយ៉ូជាក់ស្តែង ដែលផ្តោតលើការផ្គុំផ្នែកឧស្សាហកម្ម និងសេវាកម្មតាមផ្ទះ។
នៅពហុកីឡដ្ឋាន National Speed Skating Oval ក្នុងក្រុងបេកាំង រ៉ូបូតជាច្រើនត្រូវបានដាក់ឱ្យធ្វើតេស្តបេសកកម្មផ្ទាល់ ដូចជា ការផ្ញើសារសាររហ័ស (Faxing) ការរៀបចំឥវ៉ាន់ ការបោកខោអាវ និងការបត់ខោអាវ។ ក្រុមការងារបច្ចេកទេសបានបំពាក់កាមេរ៉ាចលនាទំហំច្បាស់ (HD) នៅលើក្បាល និងដៃរបស់រ៉ូបូត ដើម្បីប្រមូលទិន្នន័យជាក់ស្តែង និងបញ្ចូលទៅក្នុងប្រព័ន្ធ AI (Large Model) ក្នុងការបង្កើនភាពជឿនលឿននៃក្បួនដោះស្រាយ (Algorithms) របស់វា។
លោក Zhang Zhizheng សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យារ៉ូបូតចិន បានឱ្យដឹងថា ក្រុមការងារបានបញ្ចូលទិន្នន័យពីប្រភពផ្សេងៗគ្នា រួមទាំងការធ្វើតេស្តជាក់ស្តែង ដើម្បីពង្រឹងសមត្ថភាពរ៉ូបូត។ លោកបានបន្ថែមថា ក្រុមការងារក៏បានបង្កើតប្រព័ន្ធស្វ័យសិក្សា (Lifelong learning mechanism) ដែលអនុញ្ញាតឱ្យរ៉ូបូតអាចកែសម្រួល និងអភិវឌ្ឍសមត្ថភាពខ្លួនឯងបានជាប្រចាំ ទោះបីជាគ្រឿងបន្លាស់មានសភាពចាស់ តាមពេលវេលា។
យោងតាមច្បាប់ប្រកួត ផ្នែកសេវាកម្មតាមផ្ទះ រ៉ូបូតនីមួយៗត្រូវបំពេញភារកិច្ចជាច្រើន រួមទាំងការរៀបចំសម្ភារ និងបត់ខោអាវ ក្នុងរយៈពេលកំណត់ ៣០ នាទី។ ការប្រកួតនេះធ្វើឡើងដើម្បីតេស្តការសម្របសម្រួលរវាងភ្នែក និងដៃ ការធ្វើការក្នុងរយៈពេលយូរ ការសម្រេចចិត្តដោយស្វ័យប្រវត្ត និងការប្រតិបត្តិការងារតាមលំដាប់លំដោយ ដែលទិន្នន័យទាំងអស់នេះនឹងត្រូវយកទៅប្រើប្រាស់ដើម្បីកំណត់ស្តង់ដារឧស្សាហកម្មសម្រាប់រ៉ូបូតបម្រើការតាមផ្ទះនាពេលអនាគត៕