វៀតណាម៖ ក្រសួងសុខាភិបាលវៀតណាម បានដាក់ចេញផែនការថ្មីមួយ ដើម្បីកាត់បន្ថយគម្លាតរវាងទារកប្រុស និងទារកស្រីពេលកើត ឱ្យមកនៅត្រឹមកម្រិតធម្មជាតិវិញ (គឺប្រុស ១០៦ នាក់ ក្នុងចំណោមស្រី ១០០ នាក់) ត្រឹមឆ្នាំ២០៣៥។ ផែនការនេះ ផ្តោតលើការទប់ស្កាត់សេវាកម្មជ្រើសរើសភេទកូន និងការផ្លាស់ប្តូរទម្លាប់ចាស់បុរាណដែលនិយមកូនប្រុសជាងកូនស្រី។
យោងតាមការចេញផ្សាយរបស់កាសែត Tuoi Tre News ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទារកប្រុសកើតច្រើនជាងទារកស្រី គឺមកពីទម្លាប់ចង់បានកូនប្រុសដើម្បីបន្តពូជពង្ស ការយកកូនតិចក្នុងមួយគ្រួសារ និងបច្ចេកវិទ្យាទំនើបដែលងាយស្រួលមើលភេទកូនក្នុងផ្ទៃ។ អាជ្ញាធរព្រមានថា បើបុរសមានច្រើនជាងស្ត្រីខ្លាំងពេកក្នុងរយៈពេលយូរ វា នឹងបង្កបញ្ហាធ្ងន់ធ្ងរដល់សង្គម ដូចជា ពិបាករកប្រពន្ធរៀបការ កើតមានអំពើហិង្សាលើស្ត្រី និងការជួញដូរស្ត្រីជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ វៀតណាម នឹងរឹតបន្តឹងច្បាប់ហាមឃាត់ការជ្រើសរើសភេទកូន បង្កើនការត្រួតពិនិត្យតាមគ្លីនិក និងមន្ទីរពេទ្យ លុបការផ្សាយពាណិជ្ជកម្មជ្រើសរើសភេទកូនតាមអនឡាញ ព្រមទាំងបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
យោងតាមសេចក្តីព្រាងផែនការ វៀតណាមចង់កាត់បន្ថយចំនួនទារកប្រុសឱ្យមកនៅក្រោម ១០៩ នាក់ ក្នុងចំណោមទារកស្រី ១០០ នាក់ ត្រឹមឆ្នាំ២០៣០ និងឈានទៅដល់កម្រិតធម្មជាតិនៅឆ្នាំ២០៣៥។ វៀតណាម ជាប្រទេសមួយដែលមានគម្លាតទារកប្រុស និងស្រីខ្ពស់បំផុតនៅអាស៊ីអស់ជាច្រើនឆ្នាំ ដោយកាលពីឆ្នាំ២០១៨ មានទារកប្រុសរហូតដល់ ១១៤,៨ នាក់ ក្នុងចំណោមទារកស្រី ១០០ នាក់ ប៉ុន្តែបានថយមកត្រឹម ១១០ នាក់វិញ ក្នុងឆ្នាំ២០២៥៕