មីយ៉ាន់ម៉ា៖ មនុស្សប្រមាណចំនួន ៥០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារកើតមានជំងឺរាករូសធ្ងន់ធ្ងរនៅក្នុងទីក្រុងធំបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា ដោយមានជិត ១៥០ នាក់ធ្វើតេស្តវិជ្ជមានចំពោះជំងឺអាសន្នរោគ។ មន្រ្តីក្នុងតំបន់បានបញ្ជាក់ថាចាប់តាំងពីថ្ងៃទី ៩ ខែសីហាមក មនុស្ស ៥០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺរាករូស ដែលជារោគសញ្ញាសំខាន់មួយនៃជំងឺអាសន្នរោគ។
បើតាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចតំបន់មីយ៉ាន់ម៉ា លោក Bo Htay បានអះអាងថាតំបន់យ៉ាំងហ្គោន បានធ្វើការធ្វើតេស្តរហ័សសម្រាប់ជំងឺអាសន្នរោគបានបង្ហាញករណីវិជ្ជមានចំនួន ១៤៩ ករណី។ លោកបានបន្ថែមថា ក្នុងចំណោមពួកគេចំនួនប្រាំបួននាក់ត្រូវបានបញ្ជាក់ជាផ្លូវការថាជាករណីជំងឺអាសន្នរោគ vibrio ដោយមន្ទីរពិសោធន៍សុខភាពជាតិ។ លោកបន្ថែមថា អ្នកជំងឺថ្មីជាង ១០០ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ប៉ុន្តែករណីថ្មីបានធ្លាក់ចុះចាប់តាំងពីពេលនោះមក ក្នុងនោះអ្នកជំងឺអាយុ ៩២ ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារជំងឺរាគរុស។
គួររម្លឹកថា ជំងឺអាសន្នរោគ គឺជាការឆ្លងមេរោគរាគធ្ងន់ធ្ងរដែលបណ្តាលមកពីការទទួលទានអាហារ ឬទឹកដែលមានមេរោគ ហើយអាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា៕