ហ្វីលីពីន៖ សិស្ស ២នាក់ បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់ប្រហារមួយ នៅឯវិទ្យាល័យមួយកន្លែង ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីន នាព្រឹកថ្ងៃអង្គារនេះ។ អាជ្ញាធរហ្វីលីពីន បានបញ្ជាក់ថា ស្ថានការណ៍នេះត្រូវបានគ្រប់គ្រងបានទាំងស្រុងហើយ ខណៈនេះជាករណីបាញ់ប្រហារក្នុងសាលារៀនលើកទី២ ដែលបានកើតឡើងក្នុងប្រទេសហ្វីលីពីន ក្នុងរយៈពេលជិត ២ខែចុងក្រោយនេះ។
អភិបាលក្រុង Zamboanga លោក Khymer Adan Olaso បានប្រាប់វិទ្យុ DZMM របស់ហ្វីលីពីនថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង ២នាក់ គឺជាសិស្សសាលា ដោយម្នាក់ក្នុងចំណោមនោះ គឺជាខ្មាំងកាំភ្លើងដែលបានប្រើប្រាស់ «អាវុធធុនធ្ងន់» នៅក្នុងការវាយប្រហារ។
ប្រធានសាកលវិទ្យាល័យ លោក Ernald Andal បានបញ្ជាក់ថា មិនមានការបាញ់ប្រហារបន្តទៀតនោះទេ ហើយក៏គ្មានសិស្សរងរបួស ឬស្លាប់បន្ថែមដែរ។ លោកបានបន្ថែមថា សាលាកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងផ្តល់អាទិភាពចម្បងលើសុវត្ថិភាពរបស់សិស្សានុសិស្សទាំងអស់។
គួរបញ្ជាក់ថា ការបាញ់ប្រហារនេះ បានកើតឡើងបន្ទាប់ពីករណីហិង្សានៅវិទ្យាល័យរដ្ឋមួយក្នុងក្រុង Tacloban កាលពីខែមិថុនា កន្លងទៅ ដែលបានបណ្តាលឱ្យសិស្ស ៣នាក់ស្លាប់ និងប្រមាណ ២០នាក់ទៀតរងរបួស ដោយសារសិស្សសាលា ២នាក់បានបើកការបាញ់ប្រហារនៅលើទឹកដីសាលា៕