សិង្ហបុរី៖ ប៊ិកមាស (Fountain Pen) ម៉ាក Montblanc មួយដើម ដែលជាកម្មសិទ្ធិផ្ទាល់របស់លោក លី ក្វាន់យូ (Lee Kuan Yew) បិតាស្ថាបនិកប្រទេសសិង្ហបុរី ត្រូវបានគេដេញថ្លៃលក់ក្នុងតម្លៃរហូតដល់ ៤៦១,៥០០ ដុល្លារសិង្ហបុរី (ប្រហែល ៣៦១,៣៥០ ដុល្លារអាម៉េរិក) នៅក្នុងការដេញថ្លៃមួយដែលទាក់ទាញការដេញថ្លៃសរុបចំនួន ១១១ លើក។
យោងតាមការចេញផ្សាយរបស់កាសែតCNA ប៊ិកម៉ូឌែល Montblanc Meisterstuck No. 146 ដែលធ្វើពីប្រាក់សុទ្ធ (Sterling Silver) ស្រោបពណ៌មាស និងមានក្បាលប៊ិកធ្វើពីមាស ១៨K នេះ ត្រូវបានដាក់ដេញថ្លៃក្នុងកម្មវិធី Interiors & Collectibles របស់ផ្ទះដេញថ្លៃ Hotlotz ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែសីហា។ តម្លៃចុងក្រោយនេះបានរាប់បញ្ចូលទាំងកម្រៃជើងសារអ្នកទិញ (Buyer's Premium) ខណៈតម្លៃដេញថ្លៃផ្ទាល់ (Hammer Price) គឺ ៣៥៥,០០០ ដុល្លារសិង្ហបុរី ដែលខ្ពស់ជាងការប៉ាន់ស្មានមុនការលក់ (៣០,០០០ ដល់ ៥០,០០០ ដុល្លារសិង្ហបុរី) ជាច្រើនដង។
ប៊ិកដែលមានចារឹកឈ្មោះ «SM Lee Kuan Yew» នេះ ត្រូវបានផលិតក្នុងអំឡុងពេលដែលលោកកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់ (Senior Minister) ហើយធ្លាប់ត្រូវបានលក់ក្នុងកម្មវិធីសប្បុរសធម៌ម្ដងរួចមកហើយកាលពីខែកក្កដា ឆ្នាំ២០០៣ ក្នុងតម្លៃ ៥២,០០០ ដុល្លារសិង្ហបុរី។
ក្រៅពីប៊ិកប្រវត្តិសាស្ត្រនេះ កម្មវិធីដេញថ្លៃដដែលក៏បានបំបែកកំណត់ត្រាថ្មីសម្រាប់ស្នាដៃសិល្បៈសិង្ហបុរី ដោយគំនូរឆ្នាំ១៩៧៦ ចំណងជើងថា Singapore Chinatown, Temple Street របស់លោក Chua Mia Tee ជាសិល្បករល្បីឈ្មោះដែលបានទទួលមរណភាពកាលពីខែកក្កដា ឆ្នាំ២០២៦ ត្រូវបានលក់ក្នុងតម្លៃ ១០៧,៩០០ ដុល្លារសិង្ហបុរី ក្រោយការដេញថ្លៃ ៥៨ លើក។ ថូធ្វើពីដីឥដ្ឋរបស់លោកបណ្ឌិត Iskandar Jalil គ្រូវិចិត្រករសេរ៉ាមិចសិង្ហបុរី ក៏ត្រូវបានលក់ក្នុងតម្លៃ ១២,៣៥០ ដុល្លារសិង្ហបុរី ដែលខ្ពស់ជាងតម្លៃប៉ាន់ស្មានដើមជាងពីរដង៕