ភ្នំពេញ៖ កម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព DYNAMIC Entrepreneurial Course បើកទទួលពាក្យជាផ្លូវការហើយ ដើម្បីផ្តល់ឱកាសដល់យុវជនទូទាំងប្រទេសកម្ពុជា ក្នុងការកសាង និងពង្រឹងសមត្ថភាពលើវិស័យសហគ្រិនភាព។ គម្រោងនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់និស្សិត យុវជនដែលកំពុងបំពេញការងារ និងអ្នកមានបំណងចង់ក្លាយជាសហគ្រិន ដែលមានចំណង់ចំណូលចិត្តលើការច្នៃប្រឌិត និងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន ដោយផ្តោតលើការបំពាក់បំប៉ននូវចំណេះដឹង ជំនាញ និងផ្នត់គំនិតសំខាន់ៗសម្រាប់ការកសាងអាជីវកម្មថ្មីឱ្យមាននិរន្តរភាព និងភាពជោគជ័យ។
រូបតំណាងពីគេហទំព័រ Phum Impact
យោងតាមគេហទំព័រ Phum Impact បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះដំណើរការតាមរយៈការសិក្សាអនឡាញចំនួន ៥ វគ្គ និងការជួបជុំដោយផ្ទាល់ចំនួន ១ លើក ក្នុងគោលបំណងបង្កើនការភ្ជាប់ទំនាក់ទំនង បង្កើតបណ្តាញជាមួយមិត្តរួមជំនាន់ និងឆ្លុះបញ្ចាំងពីលទ្ធផលសិក្សាជាមួយសហគ្រិនដែលមានបទពិសោធន៍។ ការសិក្សាធ្វើឡើង ២ ដងក្នុងមួយសប្តាហ៍នៅរៀងរាល់ចុងសប្តាហ៍ ចន្លោះពីម៉ោង ៦:០០ ល្ងាច ដល់ម៉ោង ៧:៥០ យប់ ដោយវគ្គនីមួយៗមានរយៈពេលប្រមាណពី ១០០ ទៅ ១២០ នាទី ជាមួយវិធីសាស្ត្របង្រៀនបែបអន្តរកម្ម រួមមានការចែករំលែកបទពិសោធន៍ផ្ទាល់ពីសហគ្រិន ការវិភាគករណីសិក្សាជាក់ស្តែង ការពិភាក្សាជាក្រុម និងវគ្គសំណួរ-ចម្លើយ ដើម្បីជួយឱ្យសិក្ខាកាមអាចយកចំណេះដឹងទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាព។
បើតាមប្រភពដដែល សិក្ខាកាមដែលចូលរួមនឹងទទួលបានការបណ្តុះបណ្តាលស៊ីជម្រៅលើប្រធានបទគន្លឹះចំនួន ៥ រួមមាន ទ្រឹស្តីនិងបទពិសោធន៍ជាក់ស្តែងនៃភាពជាសហគ្រិន, ឱកាសអាជីវកម្មក្នុងវិស័យកសិកម្ម, ការកំណត់បញ្ហាប្រចាំថ្ងៃដើម្បីប្រែក្លាយជាឱកាសទីផ្សារ, ការស្វែងយល់ពីអតិថិជននិងតម្រូវការទីផ្សារ ព្រមទាំងការរៀបចំផែនការហិរញ្ញវត្ថុនិងការត្រៀមលក្ខណៈសម្រាប់ការចាប់ផ្តើមអាជីវកម្ម។
គួរបញ្ជាក់ថា កម្មវិធីនេះឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងរៀបចំរួមគ្នាដោយអង្គការ ChorogUsan for children, Wonders International និង Phum Impact ។ សាធារណជនដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/78QCj9QaALxNVVtL7 ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ ០៩៦ ៥៤៨ ៩៤៩៥ (Telegram)៕