ឡាវ៖ អាជ្ញាធរឡាវ កាលពីថ្ងៃទី ១៤ ខែសីហា បានប្រគល់ខ្លួនជនជាតិថៃចំនួន ២៣ នាក់ ទៅឱ្យសមត្ថកិច្ចថៃនៅច្រកទ្វារព្រំដែនអន្តរជាតិស្ពានមិត្តភាព ឡាវ-ថៃ ទី១ ក្នុងរដ្ឋធានីវៀងចន្ទន៍ ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញ និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ដែលនេះជាការប្រគល់ខ្លួនលើកទី៤។ ជនសង្ស័យទាំងនេះ ស្ថិតនៅក្នុងចំណោមមនុស្ស ៥៨៩ នាក់ ដែលត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការចុះឆែកឆេរកាលពីថ្ងៃទី ១៨ ខែកក្កដា លើទីតាំងអគាររបស់ក្រុមហ៊ុន ST Vegus Company នៃរដ្ឋធានីវៀងចន្ទន៍។
យោងតាមការចុញផ្សាយរបស់កាសែត The Laotian Times នៅក្នុងចំណោមមនុស្ស ៥៨៩ នាក់ដែលត្រូវឃាត់ខ្លួន ភាគច្រើនជាជនជាតិថៃ រហូតដល់ទៅ ៣៧៣ នាក់។ កន្លងមក អាជ្ញាធរឡាវបានប្រគល់ខ្លួនជនសង្ស័យថៃជាបន្តបន្ទាប់រួចមកហើយ រួមមានចំនួន ៣២ នាក់ កាលពីថ្ងៃទី ៦ និង ៤១ នាក់ កាលពីថ្ងៃទី ១០ និង ១៣០ នាក់ កាលពីថ្ងៃទី ១៣ ខែសីហាថ្មីៗនេះ។
គិតមកទល់ពេលនេះ ជនសង្ស័យថៃសរុបចំនួន ២២៦ នាក់ហើយ ត្រូវបានប្រគល់ជូនអាជ្ញាធរថៃ ខណៈ ១៤៧ នាក់ទៀត កំពុងបន្តស្ថិតក្រោមការឃុំខ្លួនរបស់សមត្ថកិច្ចឡាវ៕