Swift cc time

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ ចំនួន៣២០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅគ្រឹះស្ថានសាធារណៈ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
 

ភ្នំពេញ៖ ក្រសួងអប់រំ ផ្តល់អាហារូបករណ៍ ចំនួន៣២០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅគ្រឹះស្ថានសាធារណៈ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ក្នុងក្របខណ្ឌគម្រោងកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា។ ក្រសួងនឹងផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ (រយៈពេល ៤ ឆ្នាំ)៖ ១៥៣ កន្លែង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (រយៈពេល ២ ឆ្នាំ)៖ ១៥២ កន្លែង និង ថ្នាក់បណ្ឌិត (រយៈពេល ៣ ឆ្នាំ)៖ ១៥ កន្លែង។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា អាហារូបករណ៍នេះផ្តោតសំខាន់លើការបង្កើនសមធម៌ក្នុងការសិក្សាលើមុខជំនាញពាក់ព័ន្ធនឹងវិស័យស្ទែម (STEM: វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ដោយផ្តល់ជូនការលើកលែងថ្លៃសិក្សា ១០០% និងប្រាក់ឧបត្ថម្ភប្រចាំខែ។ កម្រិតបរិញ្ញាបត្របែងចែកជា ២ ផ្នែក គឺមានសម្រាប់បេក្ខជនមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ និងសម្រាប់បេក្ខជនមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ/បាក់ឌុប ទៅតាមមុខជំនាញនីមួយៗដែលមានចែងក្នុងឧបសម្ព័ន្ធ។ ចំណែកថ្នាក់អនុបណ្ឌិត និងបណ្ឌិត បេក្ខជនត្រូវមានសញ្ញាបត្រពាក់ព័ន្ធនឹងវិស័យស្ទែម (STEM) ឬកសិកម្ម ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានអាយុមិនលើសពី ៤៥ ឆ្នាំ។

ចំពោះការប្រឡងជ្រើសរើសអាហារូបករណ៍នេះ វិញ្ញាសាត្រូវបានបែងចែកទៅតាមកម្រិតសិក្សានីមួយៗ។ ចំពោះកម្រិតបរិញ្ញាបត្រ វិញ្ញាសាប្រឡងចែកចេញជា ២ ផ្នែកដាច់ដោយឡែកពីគ្នា គឺសម្រាប់បេក្ខជនដែលមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ (TVET 3) និងសម្រាប់បេក្ខជនដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយផ្អែកលើមុខជំនាញនីមួយៗដែលមានកំណត់ក្នុងឧបសម្ព័ន្ធ។ ចំណែកឯកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ បេក្ខជនត្រូវប្រឡងវិញ្ញាសាសរសេរចំនួន ៣ មុខវិជ្ជា រួមមាន ស្ថិតិវិទ្យា (រយៈពេល ៦០ នាទី) ភាសាអង់គ្លេស (រយៈពេល ៦០ នាទី) និងវិធីសាស្ត្រស្រាវជ្រាវ (រយៈពេល ៩០ នាទី)។ ដោយឡែកសម្រាប់កម្រិតបណ្ឌិត ការប្រឡងមាន ២ ដំណាក់កាល ដោយដំណាក់កាលទី១ ជាការប្រឡងវិញ្ញាសាសរសេរលើមុខវិជ្ជាស្ថិតិវិទ្យា (៦០ នាទី) ភាសាអង់គ្លេស (៦០ នាទី) និងវិធីសាស្ត្រស្រាវជ្រាវ (៩០ នាទី) ហើយបេក្ខជនដែលប្រឡងជាប់វិញ្ញាសាសរសេរ នឹងត្រូវបន្តទៅដំណាក់កាលទី២ ដើម្បីធ្វើបទបង្ហាញលើសំណើស្រាវជ្រាវ និងឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់រយៈពេល ៣០ នាទីបន្ថែមទៀត។

សម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បេក្ខជនអាចជ្រើសរើសដាក់ពាក្យដោយផ្ទាល់នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាមី ឬនៅនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ១៦៩ មហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ដំណើរការទទួលពាក្យនេះចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃផុតកំណត់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ នាទីរសៀលជាកំហិត។

សម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត បេក្ខជនត្រូវមានសញ្ញាបត្រពាក់ព័ន្ធនឹងមុខជំនាញក្នុងវិស័យស្ទែម (STEM) ឬកសិកម្ម ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានអាយុមិនលើសពី ៤៥ ឆ្នាំឡើយ។ ចំពោះនីតិវិធីនៃការដាក់ពាក្យ បេក្ខជនអាចទាញយកទម្រង់ពាក្យស្នើសុំតាមរយៈគេហទំព័រ https://prmis.dricam.com/announcements រួចបំពេញ និងយកទៅដាក់ពាក្យដោយផ្ទាល់នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាមី ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃផុតកំណត់នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:០០ នាទីរសៀលជាកំហិត៕

Khcct banner

អត្ថបទទាក់ទង