អាម៉េរិក៖ ព្យុះសង្ឃរាឡាឡាបានចាប់ផ្តើមវាយប្រហាររដ្ឋហាវ៉ៃរបស់សហរដ្ឋអាម៉េរិកកាលពី រសៀលថ្ងៃអាទិត្យ ទី ១៦ ខែ សីហា ដោយក្នុងនោះពលរដ្ឋអាម៉េរិកប្រមាណ ១៨០,០០០ នាក់នៅតែគ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋហាវ៉ៃ។ អាជ្ញាធរក្នុងតំបន់បានព្រមានថាព្យុះសង្ឃរាឡាឡា (Hurricane Lala) បានបោកបក់កោះ Big Island មុនពេលត្រូវបានបន្ទាបទៅជាព្យុះត្រូពិច។
យោងតាមការសេចក្តីប្រកាសរបស់អាជ្ញាធរនៅក្នុងតំបន់រងគ្រោះ អតិថិជនប្រហែល ១៨៣,១២៣ នាក់នៅទូទាំងរដ្ឋហាវ៉ៃនៅតែគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ ក្នុងនោះក៏មានយ៉ាងហោចណាស់ផ្ទះ ១០០ ខ្នងរងការខូចខាត ព្យុះ ឡាឡា កំពុងធ្វើដំណើរទៅទិសខាងលិចឆ្ពោះទៅភាគនិរតីនៃស្រុក Kauai ក្នុងល្បឿនប្រហែល ២០ ម៉ាយក្នុងមួយម៉ោង ជាមួយនឹងខ្យល់បក់អតិបរមាជិត ៦៥ ម៉ាយក្នុងមួយម៉ោង។ អាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋស្វែងរកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន និងតាមដាននៃការវិវត្តន៍នៃព្យុះនេះបន្ថែមទៀត៕