តេអេរ៉ង់៖ យោធាអ៊ីរ៉ង់បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ដល់ទៅ ៣០,០០០ ដុល្លារអាម៉េរិក សម្រាប់ការសម្លាប់ ឬចាប់ខ្លួនទាហានអាម៉េរិកបាន ដោយរង្វាន់នឹងកើនឡើងទ្វេដង ប្រសិនបើអ្នកចាប់ខ្លួនបាននោះជាស្ត្រីភេទដែលចាប់បានទាហាន រឺ សម្លាប់ទាហានអាម៉េរិក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA មេបញ្ជាការកងទ័ពអ៊ីរ៉ង់លោក លោក Amir Hatami បានប្រកាសថា ផែនការនេះត្រូវបានរៀបចំឡើងបន្ទាប់ពីមានសំណើមួយចំនួនធំដើម្បីចូលរួមក្នុងការតាមចាប់ និងសម្លាប់ទាហានអាម៉េរិកក្នុងតំបន់ជម្លោះ។
លោក Amir Hatami មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែងពិតប្រាកដនៅក្នុងលក្ខខណ្ឌ ឬពេលវេលានៃការសម្លាប់ ឬចាប់ខ្លួនទាហានអាម៉េរិកនៅឡើយនោះទេ។ លោក Hatami បញ្ជាក់ថាអ្នកណាដែលសម្លាប់ ឬចាប់ខ្លួន និងប្រគល់បុគ្គលិកយោធាអាម៉េរិកដែលឈ្លានពាន នឹងទទួលបានរង្វាន់ស្មើនឹង ៣០,០០០ ដុល្លារអាម៉េរិក ឬ ៥ ពាន់លានរូបពីកងទ័ពសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ហើយចំនួនទទួលបាននឹងកើនទ្វេដងបើសិនជាស្ត្រីភេទអ៊ីរ៉ង់ដ៏ក្លាហានរូបណាធ្វើការចាប់ខ្លួនទាហានអាម៉េរិក និងសម្លាប់បាន។
បើតាមលោក Hatami អ៊ីរ៉ង់ធ្លាប់បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកចាកចេញពីមជ្ឈិមបូព៌ា ហើយពេលនេះពួកគេលែងមានការអនុញ្ញាតឱ្យចូលទៅក្នុងឈូងសមុទ្រពែរ្ស ឈូងសមុទ្រអូម៉ង់ ឬច្រកសមុទ្រ ហ័រមូសទៀតហើយ។
គួរកត់សម្គាល់ថាសង្គ្រាមរវាងអ៊ីរ៉ង់ និងអាម៉េរិកបានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ នៅពេលដែលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់ព្រមៗគ្នាលើអ៊ីរ៉ង់និងបានសម្លាប់មេដឹកនាំកំពូលម្នាក់ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។ ត្រឹមតែជាងមួយខែដំបូងប៉ុណ្ណោះក្នុងសង្គ្រាម សហរដ្ឋអាម៉េរិកបានចាប់ផ្តើមប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយដើម្បីយកមន្ត្រីដែលបើកយន្តហោះ F-15 ធ្លាក់ចូលទឹកដីអ៊ីរ៉ង់ ដោយអាម៉េរិកប្រើកងកម្លាំងពិសេសប្រហែល ២០០ នាក់ និងយន្តហោះជាង ១៧០ គ្រឿងដើម្បីជួយទាហានខ្លួនដែលធ្លាក់ត្រឡប់មកវិញ។ ក្នុងអំឡុងពេលជួយសង្គ្រោះក្នុងទឹកដីអ៊ីរ៉ង់នោះ កងទ័ពអ៊ីរ៉ង់បានបំផ្លាញយន្តហោះវាយប្រហារដី A-10 របស់អាម៉េរិក ហើយសហរដ្ឋអាម៉េរិកក៏ត្រូវបានគេរាយការណ៍ថាបានបោះបង់ចោល និងបំផ្លាញយន្តហោះដែលប្រើប្រាស់ក្នុងអំឡុងពេលបេសកកម្ម រួមទាំងយន្តហោះដឹកជញ្ជូន C-130 ជាដើម។
ចំនួនបុគ្គលិកយោធាអាម៉េរិកដែលត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមកមានចំនួន ១៧ នាក់ ដោយការស្លាប់ថ្មីៗបំផុតគឺនៅក្នុងខែកក្កដា។ ពួកគេទាំងអស់ត្រូវបានសម្លាប់នៅខាងក្រៅអ៊ីរ៉ង់ នៅក្នុងមូលដ្ឋានទ័ពអាម៉េរិកស្ថិតក្នុងប្រទេសនានា រួមទាំងហ្ស៊កដានី និងអ៊ីរ៉ាក់។ គិតត្រឹមខែ សីហា នេះមិនមានការដាក់ពង្រាយកងកម្លាំងជើងគោកអាម៉េរិកនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ លើកលែងតែបេសកកម្មជួយសង្គ្រោះកាលពីខែមេសាប៉ុណ្ណោះដែលអាម៉េរិកបញ្ជូនកងកម្លាំងពិសេសចូលក្នុងទឹកដីអ៊ីរ៉ង់៕