ឥណ្ឌូនេស៊ី៖ មនុស្សយ៉ាងហោចណាស់ ៥១ នាក់ បានស្លាប់បាត់បង់ជីវិត និងប្រជាពលរដ្ឋប្រមាណ ៥.០០០ នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,៧ រិចទ័រ បានវាយប្រហារនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ី។
យោងតាមក្រសួងសុខាភិបាលឥណ្ឌូនេស៊ី មានមនុស្ស ៣៦ នាក់រងរបួសធ្ងន់ និង ៧៧ នាក់ទៀតរងរបួសស្រាល ខណៈពលរដ្ឋរាប់ពាន់នាក់នៅតំបន់រងគ្រោះខ្លាំង ត្រូវភៀសខ្លួនទៅស្នាក់នៅបណ្តោះអាសន្នក្នុងពហុកីឡដ្ឋាន និងបោះតង់នៅក្រៅផ្ទះ ដោយសារភ័យខ្លាចការរញ្ជួយដីបន្តបន្ទាប់។
គ្រោះធម្មជាតិនេះបានបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ ដោយផ្ទះសម្បែងជាង ១៣០០ ខ្នង ព្រមទាំងសាលារៀន និងមន្ទីរពេទ្យជាច្រើនត្រូវបានផ្លិចផ្លាញ។ ជាការឆ្លើយតប អាជ្ញាធរឥណ្ឌូនេស៊ីបានដាក់ពង្រាយកងកម្លាំងជាង ៣.៥០០ នាក់ រួមទាំងកប៉ាល់សង្គ្រោះ និងឧទ្ធម្ភាគចក្រ ដើម្បីប្រញាប់ប្រញាល់ចូលទៅអន្តរាគមន៍។ ប៉ុន្តែ ប្រតិបត្តិការសង្គ្រោះកំពុងជួបប្រទះឧបសគ្គយ៉ាងខ្លាំង ដោយសារការបាក់ដីបិទផ្លូវ និងការកាត់ផ្តាច់ប្រព័ន្ធទំនាក់ទំនង ជាពិសេសនៅស្រុក Nagekeo។
បច្ចុប្បន្ន អាជ្ញាធរឥណ្ឌូនេស៊ីកំពុងពិចារណាប្រកាសអាសន្ន ដើម្បីប្រមូលធនធាន និងថវិកាបន្ថែមសម្រាប់កិច្ចសង្គ្រោះបន្ទាន់ ខណៈប្រជាជនត្រូវបានណែនាំឱ្យបន្តប្រុងប្រយ័ត្ន និងចៀសវាងពីតំបន់ឆ្នេរ ឬអគារដែលខូចខាត។ គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងក្នុងជម្រៅ ១០ គីឡូម៉ែត្រ នាភាគខាងជើងកោះផ្លរ៉េស (Flores) ខេត្ត East Nusa Tenggara ដោយបង្កឱ្យមានការរញ្ជួយបន្តបន្ទាប់ (aftershocks) ជាង ៣៤០ លើក៕