ភ្នំពេញ៖ ក្រសួងការពារជាតិ ប្រកាសចាប់ផ្តើមដំណើរការរៀបចំ «គណនីធនាគារ»បើកប្រាក់បៀវត្សជូនយោធិន ក្នុងកងយោធពលខេមរភូមិន្ទ។ ក្រសួងបញ្ជាក់ថា គ្រប់ស្ថាប័នចំណុះក្រសួងការពារជាតិ និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវចាប់ផ្តើមដំណើរការរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ និងត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរ នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
យោងតាមអនុលោមតាមការសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបើកបៀវត្សរបស់យោធិនតាមប្រព័ន្ធធនាគារ និងយោង តាមភាពចាំបាច់របស់ក្រសួងការពារជាតិ ដើម្បីបង្កើនតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការ គ្រប់គ្រងបៀវត្ស និងជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងជួរកងទ័ព ស្របតាមគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ដាក់ចេញនូវផែនការណែនាំ និងការចាត់តាំងអនុវត្តដូចខាងក្រោម៖
១. គ្រប់ស្ថាប័នចំណុះក្រសួងការពារជាតិ និងកងឯកភាពចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ត្រូវចាប់ផ្តើមដំណើរការរៀបចំបើកគណនីធនាគារជូនយោធិនក្នុងសាមីអង្គភាពខ្លួន ចាប់ពីថ្ងៃជូនសេចក្តីណែនាំនេះតទៅ និងត្រូវបញ្ចប់ឱ្យបានទាំងស្រុងជាស្ថាពរនៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
២. ដើម្បីធានាបាននូវការសម្រេចជោគជ័យតាមផែនការកំណត់ គ្រប់បណ្តាកងឯកភាពត្រូវដាក់ចេញនូវ ផែនការសកម្មភាពជាក់ស្តែង ដោយត្រូវរៀបចំជំរុញឱ្យមានវឌ្ឍនភាពនៃការបើកគណនីធនាគារជូនកងទ័ព កើនឡើង ក្នុងកម្រិត ១០% នៃចំនួនទ័ពសរុប ជារៀងរាល់ខែ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៦ រហូតដល់សម្រេចបាន ១០០% និងស្របតាមឱសានវាទដែលបានដាក់ជូន។
៣. គ្រប់បណ្តាកងឯកភាព ត្រូវធ្វើការជ្រើសរើសធនាគារមួយ ឬច្រើន ក្នុងចំណោមធនាគារពាណិជ្ជចំនួន៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមមាន៖ ១. ធនាគារ អេស៊ីលីដា (ACLEDA Bank) ២. ធនាគារ កាណាឌីយ៉ា (Canadia Bank) ៣. ធនាគារ វឌ្ឍនៈ (Vattanac Bank) ៤. ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB Bank) ៥. ធនាគារ វីង (Wing Bank) ៦. ធនាគារ អេប៊ីអេ (ABA Bank) ៧. ធនាគារ ជីប ម៉ុង (Chip Mong Bank) និង៨. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank)។
៤. នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីនីតិវិធីអនុវត្ត បើកគណនីធនាគារជូនយោធិន ទូទាំងកងយោធពលខេមភូមិន្ទ ដោយអញ្ជើញនាយហិរញ្ញវត្ថុ និងជំនាញពាក់ព័ន្ធ តាមបណ្តាកងឯកភាពពាក់ព័ន្ធទាំងអស់ ចូលរួមដើម្បីយល់ដឹងពីយន្តការអនុវត្ត។
៥. ប្រគល់ភារកិច្ចជូន អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ត្រូវបង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីធ្វើ សកម្មភាពពិនិត្យ តាមដាន និងសម្របសម្រួលក្នុងការបើកគណនីធនាគារជូនយោធិន ទូទាំងកងយោធពល ខេមរភូមិន្ទ ក្នុងនាមជាសេនាធិការជូនក្រសួងការពារជាតិ លើកិច្ចការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមាន ប្រសិទ្ធភាពខ្ពស់៕