Swift cc time

ស្ថានភាពទឹកជំនន់នៅកម្ពុជាប៉ះពាល់ ១០ ខេត្ត ខណៈភ្លៀងអាចបន្តធ្លាក់រហូតដល់ថ្ងៃទី៣០ ខែកញ្ញា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពទឹកជំនន់ដែលកំពុងកើតមាននៅប្រទេសកម្ពុជា បានប៉ះពាល់ដល់ខេត្តចំនួន ១០ រួមមាន ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ សរុបចំនួន ៣៩ ក្រុង-ស្រុក។

តាមរបាយការណ៍បច្ចុប្បន្នភាព ទឹកជំនន់បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១៦,៧៨៩ គ្រួសារ និងផ្ទះសម្បែងចំនួន ១៦,៥៤៧ ខ្នង។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ២,០១៦ គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាព ខណៈផ្ទៃដីស្រូវប្រមាណ ១០,៤៤៥ ហិកតា បានរងផលប៉ះពាល់។

ទឹកទន្លេមេគង្គនៅតាមស្ថានីយសំខាន់ៗភាគច្រើន នៅក្រោមកម្រិតប្រុងប្រយ័ត្ន និងមាននិន្នាការស្រកចុះ។ ជំនន់ដែលកំពុងកើតមានបច្ចុប្បន្ន គឺជាជំនន់បណ្តាលមកពីទឹកភ្លៀង ខណៈភ្លៀងនៅតែបន្តធ្លាក់រាយប៉ាយក្នុងកម្រិតខ្ពស់ ដោយសារឥទ្ធិពលព្យុះក្នុងតំបន់។

យោងតាមការព្យាករណ៍របស់ក្រសួងជំនាញ ភ្លៀងអាចបន្តធ្លាក់ក្នុងបរិមាណច្រើនរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កំពុងបន្តតាមដានស្ថានភាព និងត្រៀមអន្តរាគមន៍ឆ្លើយតបសង្គ្រោះបន្ទាន់តាមការចាំបាច់៕


Khcct banner

អត្ថបទទាក់ទង