វៀតណាម៖ នាយកដ្ឋាននគរបាលចរាចរណ៍បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយគាំទ្រថ្មី នឹងផ្តល់ជូនជនរងគ្រោះដែលរងរបួសរាងកាយលើសពី ៣១ ភាគរយ ដែលកំពុងតែប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានរហូតដល់ ១០ លានដុង (៣៨៤ ដុល្លារ) ក្នុងមនុស្សម្នាក់ក្នុងមួយគ្រោះថ្នាក់។ ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដែលបានស្លាប់ និងកំពុងប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុអាចទទួលបានរហូតដល់ ២០ លានដុង (៧៦៨ ដុល្លារ) ក្នុងមួយករណី។ ចំពោះអ្នកដែលរងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍អាចទទួលបានរហូតដល់ ១០០ លានដុង (៣.៨៤០ ដុល្លារអាម៉េរិក) ក្នុងមនុស្សម្នាក់ក្នុងមួយករណី ក្រោមគោលនយោបាយជំនួយថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកញ្ញា។
ក្នុងនោះអង្គការ និងបុគ្គលដែលជួយដោយផ្ទាល់ ផ្តល់ការព្យាបាលបន្ទាន់ ឬដឹកជញ្ជូនជនរងគ្រោះដោយគ្រោះថ្នាក់ទៅកាន់មណ្ឌលសុខភាព ក៏អាចទទួលបានការគាំទ្រលើកទឹកចិត្តផងដែរ ដោយនឹងទទួលបានទឹកប្រាក់ចំនួនអតិបរមា ១០ លានដុងក្នុងមួយករណីសម្រាប់អង្គការ និង ៥ លានដុង (១៩២ ដុល្លារ) សម្រាប់បុគ្គលម្នាក់។ នាយកដ្ឋានបានសង្កត់ធ្ងន់ថា ទាំងនេះគឺជាចំនួនទឹកប្រាក់គាំទ្រអតិបរមា ហើយចំនួនទឹកប្រាក់ជាក់ស្តែងដែលបានផ្តល់ក្នុងករណីនីមួយៗនឹងអាស្រ័យលើឯកសារដែលបានដាក់ជូន កាលៈទេសៈនៃករណី និងបទប្បញ្ញត្តិច្បាប់ដែលអាចអនុវត្តបាន៕