ភ្នំពេញ៖ យុវជនកម្ពុជាចំនួន១០រូប បានជាប់អាហារូបករណ៍សិក្សានៅប្រទេសបារាំង លើថ្នាក់សិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ របស់រដ្ឋាភិបាលបារាំង (France Excellence Eiffel Scholarship)។ យុវជនទាំង១០រូប នឹងសិក្សាលើមុខជំនាញគណិតវិទ្យាអនុវត្ត ជំនាញវិស្វកម្មឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ជំនាញវិស្វកម្មសំណង់ស៊ីវិល ជំនាញថាមពល អគ្គិសនី អេឡិចត្រូនិក និងប្រព័ន្ធស្វ័យប្រវត្តិ និងជំនាញវិស្វកម្មស៊ីវិលសែកខល នៅប្រទេសបារាំង។
យុវជនជ័យលាភីអាហារូបករណ៍ទាំង ១០រូប ជានិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ហើយសម្រាប់ឆ្នាំនេះ និស្សិតជ័យលាភីអាហារូបករណ៍ France Excellence Eiffel ទាំង១០រូប នឹងត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋបារាំង លើមុខជំនាញចំនួន ៥ រួមមាន៖ ជំនាញគណិតវិទ្យាអនុវត្ត (៤រូប), ជំនាញវិស្វកម្មឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ (១រូប), ជំនាញវិស្វកម្មសំណង់ស៊ីវិល (១រូប), ជំនាញថាមពល អគ្គិសនី អេឡិចត្រូនិក និងប្រព័ន្ធស្វ័យប្រវត្តិ (៣រូប) និងជំនាញវិស្វកម្មស៊ីវិលសែកខល (១រូប)។
មុនពេលចាកចេញទៅសិក្សា នាថ្ងៃទី១៤ សីហាម្សិលមិញ យុវជនទាំង១០រូប បានជួបសំណេះសំណាលជាមួយលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។ ឱកាសនោះ លោករដ្ឋមន្រ្តីបានណែនាំពីរបៀបដែលនិស្សិតគួរប្រើប្រាស់ AI ជាជំនួយ ឬតម្រង់ទិសដោះស្រាយលំហាត់លំបាកៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការរៀនសូត្រ ចៀសវាងការឱ្យ AI ដោះស្រាយជំនួសទាំងស្រុង ដែលអាចនាំឱ្យបាត់បង់សមត្ថភាពគិតពិចារណាជារបស់ខ្លួន ជាពិសេសបានក្រើនរំលឹកឱ្យនិស្សិតប្រកាន់ខ្ជាប់នូវគោលដៅសិក្សាពិតប្រាកដ គឺការអភិវឌ្ឍសមត្ថភាព និងចំណេះដឹង ដើម្បីបង្កើតអ្វីដែលថ្មីសម្រាប់ជាប្រយោជន៍ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ៕