Swift cc time

បញ្ញវន្ត និងអ្នកជំនាញខ្មែរក្រោម ១ក្រុម នៅពីក្រោយភាពល្បីល្បាញនៃ MV «ឋានសួគ៌ជាមួយមនុស្សជាទីស្រឡាញ់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ បទចម្រៀងសម័យថ្មីដែលមានចំណងជើងថា «ឋានសួគ៌ជាមួយមនុស្សជាទីស្រឡាញ់» (Thiên Đường Với Người Thương) របស់តារាចម្រៀងវៀតណាម កញ្ញា Phương Mỹ Chi កំពុងតែទទួលបានការចាប់អារម្មណ៍ និងអង្រួនបេះដូងមហាជនយ៉ាងខ្លាំង តាមរយៈការរំលេចនូវសម្រស់របាំ និងសម្លៀកបំពាក់ប្រពៃណីរបស់បងប្អូនខ្មែរក្រោមយ៉ាងស្រស់ត្រកាល។ ភាពជោគជ័យនៃស្នាដៃសិល្បៈដ៏ប្រណិតនេះ គឺកើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបញ្ញវន្ត និងអ្នកជំនាញវប្បធម៌ខ្មែរក្រោមចំនួន ៤រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ជ្រោមជ្រែង និងផ្សព្វផ្សាយមរតកវប្បធម៌ដូនតាខ្មែរក្រោមឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

ក្រុមអ្នកជំនាញ និងបញ្ញវន្តខ្មែរក្រោមទាំង ៤រូប ដែលនៅពីក្រោយស្នាដៃនេះ រួមមាន លោកស្រី ថាច់ ធី អ៊ុក ឡិន (Thạch Thị Út Linh) អនុប្រធានគណៈកម្មាធិការយេនឌ័រ និងជនជាតិ និងជាសាស្ត្រាចារ្យនៃសាលាភាសា វប្បធម៌ សិល្បៈខ្មែរក្រោម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញ (សាកលវិទ្យាល័យព្រះត្រពាំង) ដែលទទួលខុសត្រូវជាទីប្រឹក្សាជំនាញផ្នែកវប្បធម៌។

អមដោយ លោកអាចារ្យ សឺន តិច (Achar Sơn Tịch) ជាទីប្រឹក្សាផ្នែកពិធីការ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ ព្រមទាំង លោក គឹម ចាន់ថន (Kim Chanh Thon) ប្រធានក្លឹបវប្បធម៌-សិល្បៈខ្មែរក្រោម និង លោក សឺន គឹមហា (Sơn Kim Hà) ដែលលោកទាំងពីរជាសាស្ត្រាចារ្យនៃសាលាភាសា វប្បធម៌ សិល្បៈខ្មែរក្រោម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យត្រាវិញដូចគ្នាផងដែរ។

គួរបញ្ជាក់ថា បទចម្រៀងប៉បវៀតណាមមួយបទនេះ ត្រូវបានចេញផ្សាយផ្លូវការកាលពីថ្ងៃទី១២ ខែសីហា ហើយទទួលបានការគាំទ្រយ៉ាងច្រើន ដោយមានអ្នកចូលទស្សនា លើ YouTube ជិត ២លានដង គិតត្រឹមថ្ងៃទី១៤ ខែសីហា។ ការបញ្ជ្រៀប និងរំលេចវប្បធម៌ខ្មែរកម្ពុជាក្រោមចូលទៅក្នុងចរន្តតន្ត្រីសម័យបែបនេះ បានស្តែងឱ្យឃើញ ពីកិច្ចខិតខំប្រឹងប្រែងរបស់តារាចម្រៀងរូបនេះ ក្នុងការលើកស្ទួយ និងផ្សព្វផ្សាយតម្លៃវប្បធម៌ខ្មែរក្រោម ដែលជារឿងដ៏កម្រមួយនៅក្នុងឧស្សាហកម្មតន្ត្រីសម័យវៀតណាម៕


Khcct banner

អត្ថបទទាក់ទង