ភ្នំពេញ៖ និស្សិតច្បាប់៤រូប លើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ នៅប្រទេសអាល្លឺម៉ង់ តាមរយៈកម្មវិធីប្រកួតសវនាការប្រឌិត លោក “Nuremberg Moot Court Competition 2026” ។ ក្រុមនិស្សិតមកពី RULE បានឈានចូលដល់វគ្គ ១៦ ក្រុមចុងក្រោយ ក្រោយវគ្គជម្រុះជាមួយយុវជនប្រមាណ១៣៧ ក្រុមមកពីទូទាំងពិភពលោក។
ព្រឹត្តិការណ៍ប្រកួតប្រជែងសមត្ថភាពផ្នែកច្បាប់នេះ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ នៅ Nuremberg Palace of Justice ក្នុងប្រទេសអាល្លឺម៉ង់ ដែលជាទីតាំងតុលាការប្រវត្តិសាស្ត្រកាត់ទោសឧក្រិដ្ឋកម្មអន្តរជាតិលើកដំបូងបង្អស់បន្ទាប់ពីសង្គ្រាមលោកលើកទី២។
យុវជនទាំង៤រូប ដែលបានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតសវនាការប្រឌិត “Nuremberg Moot Court Competition 2026 ជាក្រុមនិស្សិតELBBL តំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។ សមាជិកក្រុមទាំង ៤ រូប រួមមាន លោក អិន វ៉ាន សុវរុណ្ណៈ, លោក កែវ មុនីរ័ត្ន, កញ្ញា សម្បត្តិ សុគន្ធនិតា និង លោក យ៉ាង គាហុង។
បើតាមគេហទំព័រ ELBBL-English Language Based Bachelor of Law Program បានឱ្យដឹងថា ក្រុមនិស្សិតកម្ពុជាបានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងចំណោម ១៣៧ ក្រុមមកពីទូទាំងពិភពលោក ដោយទទួលបានពិន្ទុខ្ពស់ក្នុងដំណាក់កាលសរសេរសារណា (Written Submissions) រហូតបានជាប់ក្នុងចំណោម ៤០ ក្រុមឆ្នើម ដើម្បីបន្តទៅប្រកួតផ្ទាល់មាត់នៅប្រទេសអាល្លឺម៉ង់។ ឆ្លងកាត់ការជជែកដេញដោល និងការធ្វើសេចក្ដីថ្លែងការណ៍ផ្ទាល់មាត់យ៉ាងស្វិតស្វាញ ក្រុម RULE-ELBBL បានទទួលជ័យជម្នះក្នុងវគ្គជម្រុះផ្ទាល់មាត់ដំបូងទាំងពីរជុំ ដើម្បីឈានចូលដល់វគ្គ ១៦ ក្រុមចុងក្រោយជាផ្លូវការ។
គួរឱ្យកត់សម្គាល់ផងដែរ នេះគឺជាលើកទី ៣ ហើយ ដែលក្រុមតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានឈានមកដល់វគ្គដ៏សំខាន់មួយនេះក្នុងកម្មវិធីប្រកួតលំដាប់អន្តរជាតិ។សមិទ្ធផលដ៏គួរឱ្យស្ងើចសរសើរនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង ការស្រាវជ្រាវយ៉ាងស៊ីជម្រៅ និងទេពកោសល្យផ្នែកច្បាប់របស់សមាជិកក្រុមទាំង ៤ រូប។ជោគជ័យនេះមិនត្រឹមតែនាំមកនូវកិត្តិយស និងមោទនភាពយ៉ាងធំធេងសម្រាប់សាកលវិទ្យាល័យ RULE ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកតម្កើងកិត្យានុភាពនៃវិស័យអប់រំផ្នែកច្បាប់របស់ប្រទេសកម្ពុជាឱ្យកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិផងដែរ៕